KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) កាលពីថ្ងៃសុក្របានថ្លែងថា ពលរដ្ឋប្រមាណ៥,៣លាននាក់បានភៀសខ្លួនចេញពីសង្រ្គាមដែលបានកើតឡើងនៅក្នុងប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា នៅគ្រាដែលជម្លោះបានផ្ទុះឡើងរវាងក្រុមប្រដាប់អាវុធស៊ូដង់ រឺហៅថា កងកម្លាំង (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ (RSF) ។
អង្គការ OCHA បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រថា “ជាមួយនឹងការប្រយុទ្ធគ្នារវាងកងទ័ព SAF និងកងកម្លាំង RSF នៅក្នុងខែទី៥ ចាប់តាំងពីខែមេសា មានមនុស្សប្រមាណ៥,៣លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងស្វែងរកការជ្រកកោននៅក្នុងប្រទេសស៊ូដង់ ឬប្រទេសជិតខាង” ។
អង្គការនេះបានឲ្យដឹងថា “នៅក្នុងប្រទេសស៊ូដង់ មានមនុស្សជាង៤,២លាននាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់៣.៩២៩ទីតាំងនៅទូទាំងរដ្ឋទាំង១៨គិតត្រឹមថ្ងៃទី១៩ ខែកញ្ញានេះ” ។
អង្គការ OCHA បានដកស្រង់សម្តីរបស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងផងដែរថា មានមនុស្សជាង១លាននាក់បានឆ្លងចូលទៅក្នុងប្រទេសជិតខាង រួមទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង ផងដែរ ។
អង្គការដដែលនេះបានកត់សម្គាល់ថា ការអំពាវនាវមនុស្សធម៌ដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅតែមិនទទួលបានមូលនិធិសម្រាប់ជួយសង្គ្រោះនៅពេលជួបទុក្ខវេទនា គឺមានតែប្រហែល៣១ភាគរយនៃអ្វីដែលត្រូវការតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា “ម្ចាស់ជំនួយគួរតែបង្កើនមូលនិធិមនុស្សធម៌សម្រាប់អង្គការក្នុងស្រុក និងអន្តរជាតិដែលកំពុងផ្តល់ជំនួយដ៏សំខាន់នៅក្នុងប្រទេសស៊ូដង់ និងប្រទេសជិតខាង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា