តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅភារធារីស្វីស ដែលប្រទេសរបស់ពួកគេតំណាងឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការទាមទារ “ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានមូលដ្ឋាន” របស់សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអ៊ីរ៉ង់ បានជូនដំណឹងដល់អ្នកការទូតស្វីស ដែលត្រូវបានកោះហៅក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតស្វីស អំពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹង “ជំហរអយុត្តិធម៌ ចំពោះអ៊ីរ៉ង់ និងទង្វើបង្កហេតុ”។
កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លោក Jasem Mohamed AlBudaiwi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសមាជិក GCC នៅទីក្រុងញូវយ៉ក ហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយ។
ពួកគេបានអំពាវនាវឱ្យអ៊ីរ៉ង់ “បញ្ឈប់ការរីកសាយភាយអាវុធគ្រោះថ្នាក់ ដែលបង្កការគំរាមកំហែងដល់សន្តិសុខយ៉ាងធ្ងន់ធ្ងរដល់តំបន់” ហើយបានអំពាវនាវជាថ្មីឱ្យអ៊ីរ៉ង់ សហការពេញលេញជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
លើសពីនេះទៀត ពួកគេបានសម្តែង “ការគាំទ្រចំពោះការអំពាវនាវរបស់អារ៉ាប់រួម ដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះលើកោះចំនួន៣ គឺ Greater Tunb, Lesser Tunb និង Abu Musa” ដែលអ៊ីរ៉ង់និយាយថា “បានមកជាផ្នែកមួយនៃប្រទេសជាប្រវត្តិសាស្ត្រ ដោយលើកឡើងនូវឯកសារប្រវត្តិសាស្ត្រ ច្បាប់ និងភូមិសាស្ត្រជាភស្តុតាង”៕ ប្រែសម្រួល ឈូក បូរ៉ា