បរទេស៖ ប្រភពការទូតម្នាក់បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN ថា ប្រធានាធិបតីប្រេស៊ីល លោកLuiz Inacio Lula da Silva បានបញ្ជាក់ប្រាប់ទៅកាន់សមភាគីអ៊ុយក្រែនលោក Vladimir Zelensky ថាមធ្យោបាយដ៏ល្អបំផុតដើម្បីឆ្ពោះទៅមុខក្នុងជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូគឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងយល់ព្រមលើដំណោះស្រាយដោយសន្តិវិធី។
យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានឲ្យដឹងដែរថាមេដឹកនាំទាំងពីរបានជួបគ្នាដោយបិទទ្វារនៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងកិច្ចប្រជុំនោះលោកLula បាននិយាយយ៉ាងច្បាស់ទៅកាន់ Zelensky ថាគាត់ជឿថាមិនអាចមានដំណោះស្រាយយោធាអាចធ្វើទៅបាននោះទេចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រភពនោះក៏បានបញ្ជាក់ដែរថា កន្លងមកប្រេស៊ីលគឺជាសមាជិកតែមួយគត់នៃក្រុម BRICS ដែលរួមមានប្រទេសចិន រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលបានបោះឆ្នោតនៅអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសប្រតិបត្តិការយោធារុស្ស៊ី។
យោងតាមប្រភពដដែលនេះក៏បានបន្តថាលោក Lula បានសង្កត់ធ្ងន់ថាប្រទេសប្រេស៊ីលមានការខ្នះខ្នែងបំផុតក្នុងពេលនេះដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី