ព័ត៌មានអន្តរជាតិ

កីឡាអាស៊ីលើកទី១៩ ចែករំលែកគំរូបទពិសោធន៍នៃនវានុវត្តកម្រិតខ្ពស់ នៃបច្ចេកវិទ្យា និងអរិយធម៌អេកូឡូស៊ី

កីឡាអាស៊ីលើកទី១៩រៀបចំនៅហាងចូវ ជាទីក្រុងដែលមានទេសភាពស្អាតបំផុតក្នុងប្រទេសចិន ហើយក៏ជាទីក្រុងដែលពោរពេញដោយសួនឧទ្យាន ប្រាសាទ និងបឹងភាពស្រស់ស្អាតដោយផ្សារភ្ជាប់នឹងសុភាសិតចិនបុរាណមួយពោលថា «នៅលើមេឃមានឋានសួគ៌ ហើយនៅលើផែនដីមានក្រុងស៊ូចូវ និងក្រុងហាងចូវ» ដែលនេះរំលេចកាន់តែច្បាស់ថា ការរៀបចំកីឡាអាស៊ីលើកទី១៩បានផ្សារភ្ជាប់យ៉ាងមុតមាំជាមួយនឹងបរិស្ថានបៃតងភាពនៃអរិយធម៌អេកូឡូស៊ី។ ទស្សនៈទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់បានផ្តល់សក្ខីកម្មយ៉ាងជាក់ច្បាស់នៅក្នុងក្រុងហាងចូវ ដែលគឺជាក្រុងរបស់ខេត្តចឺចាំង (Zhejiang)បាននិងកំពុងប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការបើកទូលាយ ហើយបានពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយបាននិងកំពុងកសាងតំបន់គំរូភាពនៃវិបុលភាពរួម ដែលជាអ្នកត្រួសត្រាយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយបង្ហាញយ៉ាងប្រត្យក្សពីប្រទេសចិនដ៏ស្រស់ស្អាត។

កីឡាអាស៊ីលើកទី១៩នៅហាងចូវដោយមានប្រតិភូ និងអត្តពលិកមកពី៤៥ប្រទេសចូលរួមបានផ្តល់កម្លាំងកាន់តែខ្លាំងដល់«កិច្ចកសាងសហគមន៍រួមជីវិត» ដែលនេះគឺជាហ្សែនរបស់ជនជាតិចិនដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ស្របនឹងទស្សនៈរបស់ឡៅជឺដែលជាស្ថាបនិកលទ្ធិតាវដែលកាលពី២៧០០ឆ្នាំមុន បានលើកឡើងថា តាវប្រតិបត្តិតាមធម្មជាតិ ដែលមានន័យថា ដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ។ មនុស្សនិងធម្មជាតិគឺជាតួអង្គរួមដែលមិនអាចបំបែកបាន។

បុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នាទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នាដោយមិនបំផ្លាញគ្នាទៅវិញទៅមក ហើយតាវដើរស្របគ្នាមិនប៉ះទង្គិចគ្នា។ ច្បាស់ណាស់ថា កីឡាអាស៊ីលើកទី១៩គឺជាពេលវេលាដែលប្រជាជាតិអាស៊ីមិនអាចបំភ្លេចបាន ហើយព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩នេះនឹងបន្សល់ទុកនូវការចងចាំដ៏ល្អបំផុត នៃអរិយធម៌អេកូឡូស៊ីអំពីការប្រកួតកីឡាអាស៊ី។

កីឡាអាស៊ីលើកទី១៩នៅហាងចូវគឺជាការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ប្រទេសចិនចំពោះភាពចម្រុះនៃវប្បធម៌ និងទម្រង់ជីវិតដ៏អស្ចារ្យនៃមនុស្សជាតិទាំងអស់ប្រៀបដូចជាគ្រួសារមនុស្សតែមួយ និងសហគមន៍ផែនដីតែមួយដែលមានវាសនារួមគ្នា។

ការសម្តែងសិល្បៈដោយមានការចូលរួមពីប្រព័ន្ធបច្ចេកវិទ្យាទំនើបនាយុគសម័យថ្មីរបស់ប្រទេសចិនគឺជាសុឆន្ទៈឥតងាករេរបស់ប្រជាជាតចិនក្នុងការបន្តរួមគ្នាជាមួយបណ្តាប្រទេសទាំងអស់នាំមកនូវសង្គមសកលប្រកបដោយនិរន្តរភាពដែលបង្កើតឡើងដោយការគោរពធម្មជាតិ សិទ្ធិមនុស្សជាសកល យុត្តិធម៌សេដ្ឋកិច្ច និងវប្បធម៌សន្តិភាព ។

នេះជាឆន្ទៈរបស់ប្រជាជាតិចិនរួមជាមួយមនុស្សជាតិនៅលើផែនដីត្រូវប្រកាសពីការទទួលខុសត្រូវដ៏ធំជាងមុនចំពោះសហគមន៍រួមជីវិតដែលមានលក្ខណៈសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិផ្តល់ជូនចំពោះមនុស្សជាតិជំនាន់ក្រោយៗ។

កីឡាអាស៊ីលើកទី១៩នៅហាងចូវបានរំលេចបន្ថែមនូវឫទ្ធានុភាពនៃវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ដែលជាពិសេសភ្លើងជ័យនៃកីឡាអាស៊ីលើកទី១៩យកពីវិកិណ្ណដ្ឋានដែលបានរត់បណ្តាក់ក្នុងខេត្ត ចឺចាំង(Zhejiang)ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយនៅលើបណ្តាញអ៊ឺនធើណេតចំនួនអ្នកចូលរួមរត់បណ្តាក់ភ្លើងគប់ឌីជីថលបានលើសពី ១០០ លាននាក់ ហើយដោយឡែកនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកដឹកនាំនៃពិធីសម្ពោធបើកបានថ្លែងថា ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនចូលរួមក្នុងពិធីដុតបំភ្លឺភ្លើងគប់ធំ ក្រុមការងារបានច្នៃប្រឌិតរបៀបដុតបំភ្លឺភ្លើងគប់ធំឌីជីថល សម្រាប់មនុស្សកាន់តែច្រើនអាចចូលរួមដុតបំភ្លឺភ្លើងគប់ធំ ដែលបានផ្តល់ចំនួនមនុស្សចូលរួមដុតបំភ្លឺភ្លើងគប់ធំឌីជីថលបានលើសពី ១០៥លាននាក់។

កីឡាអាស៊ីលើកទី១៩នៅហាងចូវដែលមានកីឡាករកីឡាការិនីអាស៊ីចំនួនជាង១.២ម៉ឺននាក់នឹងនឹងបង្ហាញសមត្ថភាពរៀងៗខ្លួនដើម្បីចូលរួមប្រកួតប្រជែង គឺជាប្រភពដ៏សំខាន់នៃសាមគ្គីភាព ការចែករំលែក និងគុណតម្លៃនៃការរួមកម្លាំងគ្នាក្នុងបុព្វហេតុនៃកិច្ចកសាងសហគមន៍វាសនារួមនៃមនុស្សជាតិស្របនឹងទស្សនៈរបស់លោក Xi Jinping ដែលបានលើកឡើងថា «យើងគួរតែប្រើកីឡា ដើម្បីជំរុញបរិយាប័ន្ន បង្កើនជំនឿចិត្តខាងអរិយធម៌ ប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបន្តសរសេរនូវទំព័រវិបុលភាពថ្មីនៃអរិយធម៌អាស៊ី។»

ជារួម កីឡាអាស៊ីលើកទី១៩នៅហាងចូវដែលប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះគឺជាមោទកភាព នៃដំណើរឈានឆ្ពោះទៅកាន់តែស្វាហាប់នៃអរិយធម៌អេកូឡូស៊ី និងកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិក្រោមទម្រសន្តិភាពនិងការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូល។

ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩រំលេចពីចរន្ត នៃទ្វីបអាស៊ីបានប្រើប្រាស់យ៉ាងល្អឥតខ្ចោះនូវបច្ចេកវិទ្យាទំនើបដើម្បីបង្ហាញពីភាពទាក់ទាញដ៏វិសេសវិសាល នៃវិចិត្រសាស្រ្តអរិយធម៌បូព៌ាប្រទេស ដើម្បីបង្ហាញពីការរួមបញ្ចូលគ្នាខាងវប្បធម៌រវាងចិននិងអាស៊ី រវាងចិននិងពិភពលោកក្នុងយុគសម័យថ្មី៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top