ភូកេត៖ បុរសជនជាតិស្វីសអាយុ ៥៣ ឆ្នាំម្នាក់បានធ្លាក់ពីលើអគារចំណតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិភូកេត កាលពីយប់ថ្ងៃសុក្រ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានបន្ទាប់ពីទទួលបានដំណឹងថា បុរសបរទេសម្នាក់បានរងរបួសបន្ទាប់ពីបានលោតពីលើអគារកន្លែងចំណតរថយន្ត នៅម៉ោងប្រហែល ៧ និង៣០នាទី យប់ថ្ងៃសុក្រ។ នេះបើតាមលោកវីរសេនីយ៍ Salan Santisatsanakul ប្រធានប៉ុស្តិ៍ប៉ូលិស Shaku បាននិយាយកាលពីថ្ងៃសៅរ៍។
មន្ត្រីបានរកឃើញប្រឡាក់ឈាមនៅជាន់ផ្ទាល់ដីនៃអគារ។ លោកវីរសេនីយ៍ Salan Santisatsanakul បាននិយាយថា ភ្ញៀវទេសចរដែលរងរបួសឈ្មោះត្រូវបានរក្សាទុករង់ចាំការជូនដំណឹងពីសាច់ញាតិត្រូវបានប្រកាសថាបានស្លាប់ពេលមកដល់មន្ទីរពេទ្យ ថាឡាង។
ប៉ូលិសជឿថា អ្នកទេសចរលោតដោយចេតនា។ អ្នកយាមសន្តិសុខនៅអាកាសយានដ្ឋានបាននិយាយថា គាត់បានកត់សម្គាល់ឃើញបុរសនោះទំនងជាចុះអង្កេតតំបន់នេះតាំងពីពេលថ្ងៃ។
កាលពីខែមុន បុរសអូស្ត្រាលីវ័យ ៥០ឆ្នាំម្នាក់បានធ្លាក់ពីអគារចំណតរថយន្តនៅអាកាសយានដ្ឋានដដែលផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោកស្រី Sudawan Wangsuphakikosol បាននិយាយថា ក្រសួងនឹងបើកកិច្ចប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីរបៀបរឹតបន្តឹងវិធានការសុវត្ថិភាព បន្ទាប់ពីឧបទ្ទវហេតុនេះ៕ ប្រែសម្រួលៈ ណៃ តុលា