បរទេស៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានផ្តល់ជាយោបល់ថា ប្រទេសមួយចំនួនកំពុង “លេងល្បែង” ជាមួយអ៊ុយក្រែន ដោយផ្តល់អាវុធជាមុនហើយបន្ទាប់មកពិចារណាពីការគាំទ្រពីការប្តេជ្ញាចិត្តរបស់ពួកគេទៅវិញ ។
សម្តេចសង្ឃ បានធ្វើការអត្ថាធិប្បាយរបស់ទ្រង់នៅលើយន្តហោះដែលបានធ្វើដំណើរត្រឡប់ពីការធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Marseilles របស់ប្រទេសបារាំង ។
សម្តេចសង្ឃ កំពុងឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន ថាតើ សម្តេចមានការខកចិត្តដែរឬទេដែលការខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពមិនបានសម្រេចនោះ ។
គួរបញ្ជាក់ថា សម្តេចសង្ឃ បានបញ្ជូនបេសកជនមួយរូប គឺ លោក Cardinal Matteo Zuppi ជនជាតិអ៊ីតាលី ទៅកាន់ទីក្រុង គៀវ ទីក្រុងម៉ូស្គូ ក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដើម្បីជួបជាមួយមេដឹកនាំនៅទីនោះ ។
ទ្រង់បានបន្ទូលថា ទ្រង់មានព្រះហរទ័យ “មិនសប្បាយចិត្ត” ហើយបានមានបន្ទូលអំពីឧស្សាហកម្មសព្វាវុធ និងសង្គ្រាម ។
សម្តេចសង្ឃ បានមានបន្ទូលថា “វាហាក់បីដូចជាខ្ញុំថាផលប្រយោជន៍នៅក្នុងសង្រ្គាមនេះមិនមែនគ្រាន់តែទាក់ទងនឹងបញ្ហាអ៊ុយក្រែន និងរុស្ស៊ី តែប៉ុណ្ណោះទេ ប៉ុន្តែចំពោះវាគឺជាការលក់អាវុធ ដែលជាពាណិជ្ជកម្មអាវុធ” ។
ទ្រង់បានមានបន្ទូលយ៉ាងដូច្នេះថា “យើងមិនគួរលេងល្បែងជាមួយការធ្វើទុក្ករកម្មរបស់ប្រជាជននោះទេ យើងត្រូវជួយពួកគេដោះស្រាយបញ្ហា… ខ្ញុំបានមើលឃើញថា ឥឡូវនេះប្រទេសមួយចំនួនកំពុងដើរថយក្រោយ មិនចង់ផ្តល់អាវុធ ដល់ (អ៊ុយក្រែន) ។ ដំណើរការមួយកំពុងចាប់ផ្តើមដែលធ្វើទុក្ករបុគ្គល ប្រាកដណាស់ នឹងនាំទុក្ខដល់ប្រជាជនអ៊ុយក្រែន ហើយនោះជារឿងមិនល្អឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា