ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង អះអាងថា កិច្ចសហប្រតិបត្តិការរវាង រុស្ស៊ី និងកូរ៉េខាងជើង កើតឡើងជាធម្មតា ហើយជាការទំនាក់ទំនងក្នុងនាមអ្នកជិតខាងគ្នា

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសទៅលើលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការរិះគន់មកលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ក្រោយពីដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដោយបានថ្លែយ៉ាងដូច្នេះថា វាជា “ការកើតឡើង” និង “ធម្មតា” សម្រាប់អ្នកជិតខាងគ្នាក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ។

គួររំលឹកថា លោក Yoon បានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនបានថា ប្រសិនបើ រុស្ស៊ីជួយដល់កូរ៉េខាងជើង ដើម្បីបង្កើនកម្មវិធីសព្វាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នោះវានឹងជា “ការបង្កហេតុដោយផ្ទាល់ហើយ” ។

នៅក្នុងផ្នែកខ្លះដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបរិហារទៅលើលោក Yoon ចំពោះការបង្កាច់បង្ខូចនូវកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី ហើយបានលើកឡើងថា លោក Yoon កំពុងបម្រើការជា “អ្នកនាំពាក្យ” សម្រាប់សហរដ្ឋអាមេរិកហើយ ។

កូរ៉េខាងជើង បានបញ្ជាក់ថា “វាជារឿងដែលកើតឡើង និងជារឿងធម្មតាសម្រាប់ប្រទេសជិតខាងគ្នាក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយគ្មានហេតុផលណាមួយដើម្បីហៅការអនុវត្តបែបនេះទៅជារឿងផ្សេងនោះទេ”។

លោក គីម បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញកាលពីសប្តាហ៍មុន ក្រោយពីបានដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី ដែលក្នុងនោះលោក និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ។

មន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភថា រុស្ស៊ី អាចកំពុងព្យាយាមទិញគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង ដើម្បីបន្ថែមនៅក្នុងស្តុកដែលបានថយចុះរបស់ខ្លួនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលក្រុងព្យុងយ៉ាងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top