ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន

រូបភាពពី៖​ AFP

តេអេរ៉ង់៖  ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ នៅទីក្រុងញូវយ៉ក ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Amir-Abdollahian បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ មានភាពធ្ងន់ធ្ងរចំពោះការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន ដោយបន្ថែមការផ្លាស់ប្តូរសារប្រយោលជាមួយសហរដ្ឋអាមេរិក នៅតែបន្ត។

លោកបានសរសើរប្រធានអង្គការសហប្រជាជាតិ ចំពោះការពិគ្រោះយោបល់ដ៏ល្អដែលលោក Guterres តែងតែមានជាមួយប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

ងាកទៅកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Amir-Abdollahian បានកត់សម្គាល់ថា កិច្ចការដំណើរការក្នុងទិសដៅត្រឹមត្រូវនៅពេលណា ដែលទីភ្នាក់ងារនេះធ្វើសកម្មភាពក្នុងក្របខ័ណ្ឌបច្ចេកទេស។

លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​គ្មាន​កន្លែង​ក្នុង​គោលលទ្ធិ​ការពារ​ជាតិ​របស់​អ៊ីរ៉ង់នោះ​ទេ។ សម្រាប់ផ្នែករបស់លោកវិញ លោក Guterres បានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមការទូតរបស់អ៊ីរ៉ង់ ក្នុងការជួយដោះស្រាយបញ្ហា លុបបំបាត់ឧបសគ្គ និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសនានា។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើការដោះដូរអ្នកទោសកាលពីថ្ងៃចន្ទ ដោយភាគីនីមួយៗបានដោះលែងអ្នកជាប់ឃុំចំនួន ៥នាក់ ក្រោមកិច្ចព្រមព្រៀង ដែលកាតាជាឈ្មួញកណ្តាល​។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការសន្យានុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top