បរទេស៖ មន្ត្រីគយនៅអាកាសយានដ្ឋាន Tan Son Nhat និង Da Nang ប្រទេសវៀតណាម បានរឹបអូសយកទូរស័ព្ទម៉ាក iPhones 15 Pro Max ចំនួន ៤២ គ្រឿង ដែលអ្នកដំណើរតាមយន្តហោះដឹកពីប្រទេសថៃ និងសិង្ហបុរី ដោយមិនប្រកាសប្រាប់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទ បានរកឃើញបុរសជនជាតិថៃម្នាក់ ដែលធ្វើដំណើរមកពីទីក្រុងបាងកក ជាមួយនឹង “សញ្ញាគួរឱ្យសង្ស័យ” ។
ពួកគេបានឆែកឆេរលើអីវ៉ាន់របស់គាត់ ហើយបានរកឃើញទូរស័ព្ទម៉ាក iPhone 15 Pro Max ចំនួន ២០ គ្រឿង ជាមួយនឹងប្រអប់ និងគ្រឿងបន្លាស់លាក់នៅខាងក្នុង ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៧០០ លានដុង ស្មើនឹង ២៨.៦៧៦ ដុល្លារ ។
គាត់បានបរាជ័យក្នុងការធ្វើសេចក្តីប្រកាសប្រាប់ផ្នែកគយសម្រាប់ទូរស័ព្ទទាំងនោះ ហើយមិនអាចបង្ហាញឯកសារចាំបាច់ដើម្បីបញ្ជាក់ពីប្រភពដើមរបស់ទូរស័ព្ទទាំងនោះបានទេ។
សូមជម្រាបថា អ្នកដំណើរដែលមកដល់ប្រទេសវៀតណាមត្រូវបានអនុញ្ញាតឱ្យយកទូរសព្ទដៃទីពីរដោយសេរី ប្រសិនបើវាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ទូរសព្ទទីពីរនៅតែជាប់កាតព្វកិច្ច ប្រសិនបើតម្លៃរបស់វាលើសពី ១០ លានដុង ស្មើនឹង ៤៣០ដុល្លារ។
មន្ត្រីគយបានប្រគល់បុរសជនជាតិថៃរូបនេះទៅប៉ូលិសដើម្បីធ្វើការស៊ើបអង្កេតបន្ត។ កាលពីថ្ងៃចន្ទផងដែរ ប៉ូលិសក្នុងទីក្រុងហូជីមិញបានចាប់ខ្លួនបុរសជនជាតិវៀតណាម Tran Nhat Son ដោយចោទប្រកាន់ថា បានរត់ពន្ធទូរស័ព្ទម៉ាក iPhone 15 ចំនួន ២២ គ្រឿង ដែលគាត់បានទិញក្នុងតម្លៃសរុប ៩០០ លានដុង នៅប្រទេសសិង្ហបុរី៕ ប្រែសម្រួលៈ ណៃ តុលា