បរទេស៖ អគ្គីភ័យនៅក្នុងពិធីរៀបមង្គលការមួយក្នុងទីក្រុង Nineveh ប្រទេសអ៊ីរ៉ាក់ បានបណ្តាលឲ្យមនុស្សជាង ១០០ នាក់ស្លាប់ និង ១៥០ នាក់ផ្សេងទៀតរងរបួស នេះបើយោង តាមមន្ត្រីក្នុងតំបន់ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលបានលើកឡើងថា កាំជ្រួចបានឆាបឆេះដោយចៃដន្យ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ទុះឡើងបាននាំឱ្យភ្លើង ឆេះយ៉ាងខ្លាំងនៅកន្លែង រៀបចំព្រឹត្តិការណ៍ មួយក្នុងស្រុក Hamdaniya នៃខេត្ត Nineveh កាលពីយប់ថ្ងៃអង្គារ បានឈានចូល ដល់ថ្ងៃពុធ ដោយអភិបាលរងតំបន់ Hasan al-Allaq បានប្រាប់រ៉យទ័រថា មនុស្ស ១១៣ នាក់ត្រូវបាន គេបញ្ជាក់ថាបានស្លាប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានដាក់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ១០០ នាក់ បន្ថែមពីលើមនុស្ស ១៥០ នាក់ផ្សេងទៀត ដែលរងរបួស។
មន្ត្រីការពារជនស៊ីវិល ដែលបានដកស្រង់នៅ ក្នុងសេចក្តី រាយការណ៍ព័ត៌មាន ក្នុងស្រុកបាននិយាយថា អគ្គីភ័យបានឆាបឆេះ បន្ទាប់ពីកាំជ្រួចត្រូវ បានបំភ្លឺជាផ្នែកមួយ នៃការប្រារព្ធពិធីមង្គលការ ហើយការឆាបឆេះ បានរាលដាលយ៉ាងលឿនទៅឆេះអាគារ ។ ទីភ្នាក់ងារការពារជន ស៊ីវិលបាននិយាយថា ទីកន្លែងនេះត្រូវបាន គេរាយការណ៍ថា “គ្របដណ្តប់ ដោយបន្ទះ Ecobond ដែលអាចឆេះបានខ្លាំង” ដែលរួមចំណែកដល់ល្បឿន នៃការដួលរលំរបស់វា ដោយបន្ថែមថា សម្ភារៈទាំងនោះបានបំពាន លើបទប្បញ្ញត្តិសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា