សេអ៊ូល៖ កូរ៉េខាងជើង បានរិះគន់ជប៉ុន ជាថ្មីជុំវិញការបញ្ចេញទឹកកខ្វក់ដោយនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានឲ្យដឹហនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសជប៉ុន បានបញ្ចេញទឹកចេញ ដើម្បីប្រឆាំងនឹងការតវ៉ា និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ “បណ្តាលឱ្យមានការខូចខាត ដែលមិនអាចដកហូតបាន ចំពោះសុវត្ថិភាពមនុស្សជាតិ និងបរិស្ថានអេកូឡូស៊ីសមុទ្រ”។
ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានព្យាបាលពីតំបន់ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែមុន។ ទឹកត្រូវបានគេប្រើដើម្បីរក្សាឥន្ធនៈនុយក្លេអ៊ែររបស់រោងចក្រឱ្យត្រជាក់ បន្ទាប់ពីកន្លែងនោះត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។
ទីក្រុងតូក្យូបានឲ្យដឹងថា ការប្រមូលផ្តុំសារធាតុ Tritium នៅក្នុងទឹកត្រូវបានរក្សាទុកទាបជាងមួយភាគបួននៃកម្រិត ដែលបានបញ្ជាក់ដោយស្តង់ដារសុវត្ថិភាពរបស់ប្រទេស ខណៈដែលផែនការបញ្ចេញចោល គឺគាំទ្រដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដែលជាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប៉ុន្តែចិន និងកូរ៉េខាងជើងបានរិះគន់ចំពោះការសម្រេចចិត្តនេះ។
លោក Kim ក៏បានសម្តែងការមិនសប្បាយចិត្តរបស់លោក ចំពោះការពិភាក្សានាពេលថ្មីៗនេះនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយនិយាយថា ខ្លួនបានលើកយកបញ្ហានៃស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសលោក និងការបាញ់បង្ហោះផ្កាយរណប ប៉ុន្តែបានរក្សាភាពស្ងៀមស្ងាត់ជុំវិញការបញ្ចេញទឹកហ្វូគូស៊ីម៉ា ដោយប្រទេសជប៉ុន៕ ប្រែសម្រួល ឈូក បូរ៉ា