សេអ៊ូល៖ យោងតាមប្រភពការទូតបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសជប៉ុន និងចិន នៅក្នុងខែធ្នូ ដែលជាលើកទីមួយក្នុងរយៈពេល ៤ ឆ្នាំ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងបី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។
ទីក្រុងសេអ៊ូលក៏បានស្នើថា សេចក្តីប្រកាសរួមមួយត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានគ្រោងទុក ដោយទាំងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងមិនជំទាស់នឹងសំណើនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កិច្ចប្រជុំកំពូល ៣ផ្លូវប្រចាំឆ្នាំត្រូវបានផ្អាកចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ការផ្អាកមួយផ្នែកគឺដោយសារតែទំនាក់ទំនងធ្លាក់ចុះទាបក្នុងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ជុំវិញបញ្ហាសង្រ្គាម ប៉ុន្តែប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងនៅឆ្នាំនេះ។ ពួកគេបានរៀបចំកិច្ចប្រជុំកំពូល ៣ផ្លូវជាមួយសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែសីហា។
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅពេលវេលាដ៏ឆាប់បំផុត និងដើម្បីបន្តការពិភាក្សាអំពីពេលវេលា។
ពួកគេក៏បានឯកភាពថា កិច្ចប្រជុំរបស់ពួកគេបានផ្តល់ឱកាស ដើម្បីបន្តកិច្ចសហប្រតិបត្តិការត្រីភាគី និងពិភាក្សាអំពីការរស់ឡើងវិញនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំបន្ទាប់ពីការផ្អាកដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា