ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើកមួយ នៅឯស្ថានីយប្រេង នៅភាគខាងកើតមីយ៉ាន់ម៉ា បណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាង ១០នាក់

Xinhua

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីមួយរូបបាននិយាយថា មានមនុស្សម្នាក់បានស្លាប់ និងមនុស្សតិចបំផុតចំនួន ១៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានករណីផ្ទុះ ដ៏កក្រើកមួយនៅឯស្ថានីយ៍ប្រេង ១កន្លែងនៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ។

លោក U Kyaing មកពីអង្គការសង្គ្រោះបានលើកឡើងថា ការផ្ទុះនេះបានកើតឡើង នៅឯស្ថានីយប្រេងឥន្ធនៈមួយឈ្មោះ DENKO ស្ថិតក្នុងសង្កាត់ Lashio នៃរដ្ឋខាងលើ នៅម៉ោងប្រហែល៥ល្ងាច ម៉ោងក្នុងស្រុក ។

លោកបានលើកឡើងទៀតថា យ៉ាងហោចណាស់អ្នករបួសចំនួន ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ជុំវិញករណីផ្ទុះដ៏កក្រើននេះដែរ មិនទាន់មានសេចក្តីរាយការណ៍បន្ថែមលម្អិតថា បណ្តាលមកពីមូលហេតុអ្វីនោះដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top