ព័ត៌មានអន្តរជាតិ

បុរសជនជាតិខ្មែរម្នាក់ ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត ពីបទជួញដូរថ្នាំញៀន៣១គីឡូ ចូលវៀតណាម

រូបភាពពី៖​ VnExpress

បរទេស៖ បុរសខ្មែរម្នាក់ និងជនជាតិវៀតណាម ពីរនាក់នៅភាគខាងត្បូងខេត្ត Binh Phuoc ត្រូវបានកាត់ទោសប្រហារជីវិតពីបទរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ចំនួន ៣១គីឡូក្រាម ចូលប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ស្បូវ ព្រឿន (Sbov Proeurn) អាយុ ៣៦ឆ្នាំ, ឈ្មោះ Nguyen Ngoc Hai អាយុ ២៩ឆ្នាំ និង ឈ្មោះ Dang Ngoc Quy អាយុ ២៤ឆ្នាំ ត្រូវបានតុលាការប្រជាជនខេត្ត Binh Phuoc កាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ពីបទជួញដូរគ្រឿងញៀន។ ឈ្មោះ Hai ក៏ត្រូវបានចោទប្រកាន់ពីបទរក្សាទុកអាវុធយោធាដោយខុសច្បាប់ ផងដែរ។

យោងតាមដីការចោទប្រកាន់ គឺកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំមុន បុរសជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណម្នាក់បានជួលឈ្មោះ ស្បូវ ព្រឿន ឱ្យដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ដោយឱ្យប្រាក់ទៅគាត់ ២០០ ដុល្លារក្នុងមួយគីឡូក្រាម។

ឈ្មោះ ស្បូវ ព្រឿន ជិះម៉ូតូមកទៅផ្សារមួយក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលធុងប្លាស្ទីកចំនួន ២០ លីត្រ និងថង់ផ្លាស្ទិកដែលមានផ្ទុកសារធាតុញៀនពីជនមិនស្គាល់អត្តសញ្ញាណ បន្ទាប់មកបាននាំយកថង់ទាំងនោះត្រឡប់ទៅខេត្តប៊ិញភឿកវិញ។

បន្ទាប់មក ឈ្មោះ ព្រឿន បានជួលឈ្មោះ Hai ឱ្យនាំយកថ្នាំញៀនពីព្រំដែនមកទីក្រុង ហូជីមិញ ក្នុងតម្លៃ ១៥០ ដុល្លារក្នុងមួយគីឡូក្រាម។ Hai ក៏បានជួលឈ្មោះ Quy បន្តទៀតដើម្បីបញ្ជូនថ្នាំញៀនទាំងេះទៅមនុស្សបីនាក់នៅក្នុងទីក្រុង ហូជីមិ ក្នុងតម្លៃ ១៥ លានដុង (៦១៦,៦២ ដុល្លារ)៕ ប្រែសម្រួលៈ ណៃ តុលា

To Top