ព័ត៌មានអន្តរជាតិ

មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក និងចិន បើកកិច្ចពិភាក្សាស៊ីជម្រៅ នៅទីក្រុងវ៉ាស៊ីនតោន

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិនមានកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដោយគ្របដណ្តប់លើបញ្ហាដូចជាកូរ៉េខាងជើង មីយ៉ាន់ម៉ា និងសន្តិសុខដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចប្រជុំកំពូល ដែលអាចធ្វើទៅបានរវាងប្រធានាធិបតីនៃប្រទេសទាំងពីរនៅក្នុងខែវិច្ឆិកា។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហើបថា លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong កាលពីថ្ងៃពុធ។

លោក Miller បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា ពួកគេបានរៀបចំ “ការពិគ្រោះដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនាលើបញ្ហាក្នុងតំបន់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហរ” ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះលោក Kritenbrink បានគូសបញ្ជាក់អំពី “សារៈសំខាន់នៃតំបន់សេរី និងបើកចំហ ការតភ្ជាប់ វិបុលភាព ភាពធន់ និងសុវត្ថិភាព និងរក្សាបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់”។

ប្រភពបានឲ្យដឹងថាលោកក៏បានប្រាប់លោក Sun ថាការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់ណាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក Sun និង លោក Kritenbrink មានការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនាជុំវិញទំនាក់ទំនងចិន-អាមេរិកក្នុងអំឡុងពេលប្រជុំ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top