បរទេស៖ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានសរសើរជាពិសេសចំពោះបទពិសោធន៍យោធាពេញបរិបូរណ៍របស់អតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner ដោយសង្កត់ធ្ងន់ថា លោកដឹងពីរបៀបរៀបចំការងារប្រយុទ្ធរបស់អង្គភាពយោធាប្រកបដោយប្រសិទ្ធភាព។
យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការបង្កើតអង្គភាពស្ម័គ្រចិត្តជាមួយលោក Andrey Troshev ដែលជាអតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner (PMC) ។
លោកពូទីនបាននិយាយថា “នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់យើង យើងបាននិយាយអំពីការពិតដែលថា អ្នកនឹងដោះស្រាយជាមួយការបង្កើតអង្គភាពស្ម័គ្រចិត្តដែលអាចបំពេញបេសកកម្មប្រយុទ្ធផ្សេងៗ ជាចម្បងនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស [រុស្ស៊ី]” ។
ប្រធានាធិបតីរុស្ស៊ីបានរំលឹកថា លោក Troshev ខ្លួនឯងបានប្រយុទ្ធនៅក្នុងអង្គភាពបែបនេះអស់រយៈពេលជាងមួយឆ្នាំហើយថា លោក “ដឹងពីបញ្ហាដែលគួរតែត្រូវបានដោះស្រាយជាមុនដើម្បីឱ្យការងារប្រយុទ្ធអាចត្រូវបានអនុវត្តដោយជោគជ័យបំផុត៕
ប្រែសម្រួលៈ ណៃ តុលា
