គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការសហការគ្នារវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្ត។
សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍ថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើបញ្ហាការពារជាតិសំខាន់ៗ រួមទាំងស្ថានភាពនៅសមរភូមិអ៊ុយក្រែន និងតម្រូវការរបស់ទាហានអ៊ុយក្រែន។
ការការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពីការវាយប្រហារដែលអាចកើតមាន និងការរំពឹងទុកនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមដល់អ៊ុយក្រែន ដោយប្រទេសសមាជិកណាតូ គឺជាប្រធានបទមួយផ្សេងទៀតនៃការចរចា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ហ្សេឡិនស្គី បានពណ៌នាកិច្ចពិភាក្សាថាជា “ការសន្ទនាដ៏មានអត្ថន័យរវាងសម្ព័ន្ធមិត្តជាក់ស្តែង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានលើកឡើងថា “វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលអ៊ុយក្រែនក្លាយជាសមាជិក de jure នៃសម្ព័ន្ធភាព។ យើងកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឱ្យវាកើតឡើងឆាប់ៗ” ។
សម្រាប់ផ្នែករបស់លោកវិញ លោក Stoltenberg បានសន្យាថា ការគាំទ្ររបស់ណាតូសម្រាប់អ៊ុយក្រែន នឹងបន្ត ដោយលោកបានបន្ថែមថាអង្គការណាតូនឹងឈរជាមួយអ៊ុយក្រែន ឲ្យបានយូរតាមដែលវាត្រូវការ៕
ប្រែសម្រួល ឈូក បូរ៉ា