ព័ត៌មានអន្តរជាតិ

UN ថ្កោលទោស ទៅលើអំពើវាយប្រហារ ដោយក្រុមភេរវករ នៅក្នុងប្រទេសប៉ាគីស្ថាន

ប្រភព ៖ Xinhua

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) បានថ្កោលទោសការវាយប្រហារភេរវកម្ម ចំនួន២ដាច់ដោយឡែក ពីគ្នាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសប៉ាគីស្ថាន ។

លោក Guterres មានប្រតិកម្ម ទៅលើការវាយប្រហារនេះថាយ៉ាងដូច្នេះ “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយក្រុមភេរវករ ដែលបានកើតឡើង នៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង៥០ក់ ហើយអ្នកទទួលខុសត្រូវ គឺត្រូវតែទទួលខុសត្រូវក្នុងរឿងនេះ” ។

គួរបញ្ជាក់ថា ការសម្លាប់ទាំងនេះបានកើតឡើងក្នុងអំឡុងពេលធ្វើពិធីសាសនាមួយ ដែលធ្វើឱ្យពួកគេកាន់តែឃោរឃៅ ថែមទៀត ។ អ្នកនាំពាក្យបានលើកឡើងថា វារឹតតែគួរឲ្យរន្ធត់ជាងមុនក្នុងការកំណត់គោលដៅ មនុស្សនៅពេលពួកគេធ្វើពិធីសាសនា ដោយសន្តិវិធី ។

ប៉ូលិសប៉ាគីស្ថាន និងមន្ត្រីសុខាភិបាលបានបញ្ជាក់ថា ការផ្ទុះដែលបានវាយប្រហារលើការជួបជុំសាសនាមួយនៅក្នុងស្រុក Mastung នៃខេត្ត Balochistan ស្ថិតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្របានបណ្តាលឲ្យមនុស្សចំនួន៥០នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស ។

ការបំផ្ទុះគ្រាប់បែកដែលគេជឿថា ជាការវាយប្រហារ ការធ្វើអត្តឃាតដែលបានកើតឡើងនៅជិតព្រះវិហារឥស្លាម នៅគ្រាដែលមនុស្សជាច្រើន កំពុងប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យ Eid-e-Milad-un-Nabi ដែលជាថ្ងៃកំណើតរបស់ព្យាការី Muhammad របស់សាសនាឥស្លាម ។

នៅក្នុងការវាយប្រហារ ដាច់ដោយឡែកមួយទៀតដែរ កាលពីថ្ងៃសុក្រ មានមនុស្សចំនួន៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលការបំផ្ទុះគ្រាប់បែក អត្តឃាតបានកើតឡើងនៅខាងក្នុងវិហារឥស្លាមមួយ នៅក្នុងខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top