បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការការពារជាតិ របស់ អាល្លឺម៉ង់Bundestag លោកស្រីMarie-Agnes Strack-Zimmermann បានអះអាងអំពីការយល់ ព្រមរបស់អាល្លឺម៉ង់ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីល Cruise Taurus ដែលផលិតដោយអាល្លឺម៉ង់ និងមានសិទ្ធិក្នុងការវាយប្រហារគោលដៅនៅគ្រីមៀ និងនៅលើដីរុស្ស៊ីជាទូទៅបាន។
ការប្រកាសនេះ ត្រូវបានធ្វើឡើង ទាំងដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz មានការស្ទាក់ស្ទើរ ក្នុងការផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់កងកម្លាំងយោធាទីក្រុងគៀវ ក្នុងពេលដែលមានការស្នើសុំម្តង ហើយម្តងទៀតក៏ដោយ។
នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Berliner Morgenpost ដែលចុះផ្សាយ កាលពីថ្ងៃសៅរ៍ លោកស្រី Strack-Zimmermann បានឆ្លើយឆ្លងជាមួយនឹង ក្រុមអ្នកកាសែតថា ទីក្រុងប៊ែរឡាំង គួរតែប្រគល់ Taurus ជាបន្ទាន់ដោយសារការដាក់ពង្រាយ មីស៊ីលបែបនេះ អាចជួយយោធាអ៊ុយក្រែន រំខានដល់ខ្សែផ្គត់ផ្គង់របស់រុស្ស៊ី បានមានប្រសិទ្ធភាពខ្ពស់ ។
ខណៈពេលដែលចក្រភពអង់គ្លេស និងបារាំងក្នុងប៉ុន្មានខែថ្មីៗនេះបានផ្តល់ឲ្យអ៊ុយក្រែន នូវមីស៊ីល Storm Shadow និង SCALP-EG រយៈចម្ងាយឆ្ងាយរៀងៗខ្លួន រដ្ឋាភិបាលអាល្លឺម៉ង់ រហូតមកដល់ពេលនេះ មិនមានឆន្ទៈ ក្នុងការធ្វើតាមគ្នានោះទេ៕
ប្រែសម្រួល៖ស៊ុនលី