ព័ត៌មានអន្តរជាតិ

សិល្បករ នៃប្រទេសអាស៊ីចំនួន៥ រួមគ្នាប្រគុំពិណ ដើម្បីសម្តែងបទភ្លេង «ចិត្តភ្ជាប់ចិត្ត»

ពិណជាឧបករណ៍ភ្លេងប្រពៃណីរបស់ចិន នៅសម័យរជ្ជកាលហាននិងរជ្ជកាលថាង ឧបករណ៍ភ្លេងនេះបាននាំចេញ ទៅដល់ប្រទេសជាច្រើនតាមរយៈផ្លូវសូត្រ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ យូរៗទៅបានក្លាយជាពិណខុសៗគ្នា ដែលប្រកបដោយលក្ខណៈពិសេស រៀងខ្លួនរបស់ជនជាតិនានា ។

ក្នុងអំឡុងព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីក្រុង Hang Zhou អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិនបានផលិតវីដេអូឃ្លីបបទភ្លេង «ចិត្តភ្ជាប់ចិត្ត» ដែលជាភ្លេងប្រធានបទរបស់ការប្រកួតកីឡាអាស៊ី ដែលបានប្រមូលផ្តុំជាលើកដំបូង នូវពិណរបស់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលីនិងវៀតណាម សិល្បករនៃប្រទេសអាស៊ីទាំង៥ បានរួមគ្នាប្រគុំពិណ ដែលបង្ហាញឱ្យឃើញនូវភាពចុះសម្រុងគ្នា នៃការប្រកួតកីឡាអាស៊ី វាមិនត្រឹមតែបានលើកទឹកចិត្ត ដល់អត្តពលិកក្នុងការប្រកួតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីក្តីបំណងរួម របស់ប្រជាជននៃបណ្តាប្រទេសអាស៊ីនានា ក្នុងការស្វែងរកមិត្តភាពនិងសន្តិភាពផងដែរ ។

នេះជាលើកទីមួយហើយដែលពិណ នៃប្រទេសអាស៊ីទាំង៥ ប្រគុំបទភ្លេងតែមួយជាមួយគ្នា។ តន្ត្រីនេះមានទំនុកសំខាន់ប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិនៅតំបន់Zhe Jiang ហើយបានរួមបញ្ចូល និងបង្ហាញឱ្យឃើញនូវលក្ខណៈពិសេស និងសិល្បៈប្រគុំរបស់ពិណនៃប្រទេសនានា ។

ការសម្រួលតន្ត្រីដ៏រស់រវើកបានបង្ហាញ ឱ្យឃើញនូវលក្ខណៈពិសេសនៃតំបន់ Jiang Nan ប្រទេសចិន ចង្វាក់ភ្លេងប្រកបដោយយុវវ័យ បញ្ចេញនូវចង្វាក់យុគសម័យថ្មី ដែលបានបង្ហាញឱ្យឃើញនូវរចនាបថទីក្រុង Hang Zhou ដែលបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ នូវអរិយធម៌បុរាណនិងអរិយធម៌សម័យទំនើប ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top