ព័ត៌មានអន្តរជាតិ

តួកគី បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ភាគខាងជើងអ៊ីរ៉ាក់ និងបំផ្លាញគោលដៅ ក្រុមបក្សពលករឃឺដ

AFP

អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់តួកគី បានធ្វើការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញគោលដៅចំនួន ២០កន្លែង របស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលតាំងនៅមិនស្របច្បាប់ ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី គឺបានកំណត់គោលដៅលើមូលដ្ឋានរបស់ PKK នៅតំបន់ Gara, Hakurk, Metina និង Qandil ។

យុទ្ធនាការដោយយោធានេះ បានកើតឡើងក្រោយពីអ្នកវាយប្រហារ ២នាក់បានប៉ុនប៉ង វាយប្រហារដោយគ្រាប់បែកនៅមុខអគារ ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី នៅក្នុងរដ្ឋធានីអង់ការ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ដែលបានធ្វើឱ្យមន្ត្រីប៉ូលិស ២នាក់រងរបួសស្រាល ។

គេបានដឹងថា អ្នកវាយប្រហារម្នាក់បានស្លាប់ គ្រោយពីគាត់បានបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈម្នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អ្នកវាយប្រហារម្នាក់ត្រូវបាន គេកំណត់អត្តសញ្ញាណថា ជាសមាជិករបស់ PKK ហើយការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណ របស់អ្នកវាយប្រហារម្នាក់ទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top