ម៉ាឌ្រីដ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ចំនួន១៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានអគ្គីភ័យបានឆាបឆេះ នៅក្នុងក្លឹបកម្សាន្តរាត្រីមួយនៅភាគនិរតី នៃប្រទេសអេស្ប៉ាញកាលពីព្រឹកថ្ងៃអាទិត្យ ។
គេបានដឹងថា អគ្គីភ័យបានកើតឡើង នៅក្នុងក្លឹបរាត្រីដែលមានឈ្មោះថា Teatre នៅជាយក្រុង Murcia ។ មជ្ឈមណ្ឌលសម្របសម្រួល សម្រាប់ការជូនដំណឹងសុខភាព និងគ្រាអាសន្នបានបញ្ជាក់ពី ការស្លាប់មានចំនួនទាំងអស់១៣នាក់ ។
អ្នករបួសទាំង៤នាក់ ត្រូវបានគេពណ៌នាថា ជាស្ត្រី២នាក់អាយុ២២ឆ្នាំ និងអាយុ២៥ឆ្នាំ និងបុរស២នាក់អាយុ៤១ឆ្នាំនិង៤៥ឆ្នាំ ត្រូវបានគេនាំទៅសម្រាបកព្យាបាល ដោយសារពួកគេបានស្រូបផ្សែងចូលក្នុងខ្លួន ។
លោក Murcia Jose Ballesta អភិបាលក្រុង បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៦និង០០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៤និង០០នាទីម៉ោងសកល នៅជាន់ទី១នៃក្លឹបកម្សាន្តរាត្រី ដោយបានឆេះផ្នែកខ្លះនៃពិដាន ។
លោក Ballesta បានថ្លែងថា “នៅក្នុងតំបន់របស់យើងត្រូវបាន បំផ្លាញដោយសារករណីនេះ” ។ លោកបានលើកឡើងទៀតថា សាលាក្រុងបានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃសម្រាប់ជនរងគ្រោះ ហើយសមាជិកគ្រួសារជនរងគ្រោះ អាចទទួលបានជំនួយនៅមជ្ឈមណ្ឌលប្រឹក្សា និងផ្លូវចិត្តដែលបង្កើតឡើងនៅសាលកីឡាក្នុងស្រុក ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន៤០នាក់ បាននឹងកំពុងធ្វើការនៅនឹងកន្លែងនោះ ហើយប្រហែលជាមានជនរងគ្រោះបន្ថែមទៀត ដែលនៅក្រោមពិដានដែលបានដួលរលំ ។ ចំពោះមូលហេតុនៃការឆេះនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា