ព័ត៌មានអន្តរជាតិ

អ្នកការទូតអ៊ីរ៉ង់៖ អស្ថិរភាពអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរឡើង នៅតែស្ថិតក្នុងរបៀបវារៈរបស់អាមេរិក

រូបភាពពី៖​ XINHUA

ប្រែសម្រួល ឈូក បូរ៉ា
តេអេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែគ្រោងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវអស្ថិរភាព និងអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីរឆ្នាំបន្ទាប់ពីការដកទ័ពរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសអាស៊ីក្លាយជាប្រភពនៃការព្រួយបារម្ភ សម្រាប់រដ្ឋជិតខាង និងក្នុងតំបន់របស់ខ្លួន។

តំណាងពិសេសរបស់អ៊ីរ៉ង់ សម្រាប់ប្រទេសអាហ្វហ្គានីស្ថានលោក Hassan Kazemi-Qomi បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន IRIB របស់អ៊ីរ៉ង់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

បេសកជនអ៊ីរ៉ង់ បានឲ្យដឹងនៅចុងបញ្ចប់ថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសន្តិសុខនៅអាហ្វហ្គានីស្ថាន គឺច្រើនជាងអ្វីផ្សេងទៀត ផលវិបាកនៃការកាន់កាប់រយៈពេល ២០ឆ្នាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងមូលដ្ឋានគ្រឹះសន្តិសុខរបស់ប្រទេស។ កិច្ចប្រជុំលើកទី៥ នៃការពិគ្រោះយោបល់ទម្រង់ទីក្រុងម៉ូស្គូ ស្តីពីអាហ្វហ្គានីស្ថាន ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន នៃប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ។

ប្រេសិតអ៊ីរ៉ង់បានលើកឡើងថា អ្នកចូលរួមកិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីប្រទេសចំនួន ១៣ រួមមានប្រទេសចិន ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តូមិននីស្ថាន អ៊ូសបេគីស្ថាន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម និងតួកគី បានស្តីបន្ទោសយ៉ាងច្បាស់លាស់ ចំពោះការកាន់កាប់របស់សហរដ្ឋអាមេរិក និងផលវិបាករបស់វា ចំពោះស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន។

លោកបានសង្កត់ធ្ងន់ថា ប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបានយល់ព្រមថា ពួកគេគួរតែនៅក្នុងចលនារួមមួយ និងតាមរយៈគំនិតផ្តួចផ្តើមក្នុងតំបន់ ផ្លាស់ប្តូរស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលកំពុងសហការជាមួយអាជ្ញាធរនៅទីក្រុងកាប៊ុល៕

To Top