តូក្យូ៖ ក្រសួងបានឲ្យដឹងថា សមាជិកសភាជប៉ុនម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្សីម្នាក់ ក្នុងដំណើរដែលផ្គើននឹងការណែនាំរបស់រដ្ឋាភិបាលជប៉ុន ប្រឆាំងនឹងជនជាតិរបស់ខ្លួនរួមទាំងសមាជិកសភា ដែលធ្វើដំណើរទៅកាន់ប្រទេសនេះ។
លោក Muneo Suzuki សមាជិកនៃគណបក្សប្រឆាំង Japan Innovation Party បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលគេស្គាល់ជាលើកដំបូងដោយសមាជិកសភាជប៉ុន ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំមុន។
លោក Suzuki សមាជិកសភាជើងចាស់ ដែលសាទរពីកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បានមកដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងត្រឡប់មកផ្ទះវិញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ នេះបើតាមមនុស្សជិតស្និទ្ធនឹងលោក។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ ប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានកត់សម្គាល់ថា ប្រទេសជប៉ុន បានជំរុញឱ្យប្រជាជនរបស់ខ្លួនជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី “ដោយមិនគិតពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសលោកស្រី Yoko Kamikawa បានឲ្យដឹងថា លោក Suzuki មិនបានរាយការណ៍ពីផែនការរបស់លោក ទៅរដ្ឋាភិបាលជប៉ុន ជាមុននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
សមាជិកសភារបស់ខ្លួនបានឲ្យដឹងថា គណបក្សនវានុវត្តន៍ជប៉ុន កំពុងពិចារណាចាត់វិធានការវិន័យប្រឆាំងនឹងលោក ចំពោះការមិនគោរពតាមនីតិវិធីចាំបាច់នៃការធ្វើដំណើរនៅពេលទៅក្រៅប្រទេស៕ ប្រែសម្រួល ឈូក បូរ៉ា