បរទេស៖ ឧត្តមសេនីយ Archayon Kraithong អ្នកនាំពាក្យនៃនគរបាលភូមិន្ទថៃ បានអំពាវនាវដល់សាធារណជន ជៀសវាងការចែករំលែករូបភាព និងវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុហឹង្សាពាក់ព័ន្ធនឹងអនីតិជន។ ការស្នើសុំនេះធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សោកនាដកម្មកាលពីម្សិលមិញនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុង បាងកក ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា លោក Archayon បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតនិងអ្នករងរបួស។ លោកក៏បានចេញការដាស់តឿនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញកុំឱ្យចែករំលែករូបភាព ឬវីដេអូឃ្លីបដែលទាក់ទងនឹងឧបទ្ទវហេតុនេះ រួមទាំងរូបភាពនៃព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពនៃអ្នកស្លាប់ និងអ្នករបួសផងដែរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងពីផលប៉ះពាល់ដែលខ្លឹមសារបែបនេះអាចមានចំពោះគ្រួសារដែលរងផលប៉ះពាល់។
អ្នកនាំពាក្យនៃនគរបាលភូមិន្ទថៃរូបនេះថា “ឧប្បត្តិហេតុហិង្សានៃធម្មជាតិនេះច្រើនតែបង្កឱ្យមានកំហឹង ការអាក់អន់ចិត្ត ការសោកសៅ ការភ័យខ្លាច និងការថប់បារម្ភក្នុងចំណោមសាធារណជន។ ការចែករំលែក ឬការបញ្ជូនបន្តរូបភាព ឬវីដេអូដែលមានក្រាហ្វិកច្រើនហួសហេតុ មិនបម្រើគោលបំណងអ្វីឡើយ ហើយអាចមានផលវិបាកអវិជ្ជមានយ៉ាងទូលំទូលាយលើបុគ្គល និងសង្គមទាំងមូល”។
លោកបានបន្ថែមថា វាក៏អាចរំលោភលើសិទ្ធិឯកជនភាពផ្ទាល់ខ្លួន និងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកដែលមើលខ្លឹមសារ។
លើសពីនេះ ការបង្ហាញ ឬការបញ្ជូនបន្តរូបភាពអ្នករបួស ឬបាត់បង់ជីវិតដោយសារឧបទ្ទវហេតុបែបនេះ គឺជាការរំលោភសិទ្ធិផ្ទាល់ខ្លួន។
លោកក៏បានអំពាវនាវឱ្យសាធារណជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ ព្រមទាំងបានជំរុញឱ្យបុគ្គលផ្តល់ព័ត៌មានមានប្រយោជន៍ដល់ភ្នាក់ងារអនុវត្តច្បាប់ និងអនុវត្តការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ ឬចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម។
សូមជម្រាបថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្មេងប្រុសជំទង់សក់វែងអាយុ ១៤ឆ្នាំម្នាក់បានបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ២នាក់ និងច្រើននាក់ទៀតរងរបួស៕ ប្រែសម្រួលៈ ណៃ តុលា