វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានទូរស័ព្ទ ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធានាពួកគេឡើងវិញថា ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែននឹងបន្តដដែល ប៉ុន្តែសេតវិមាន បានព្រមានថា វាអាចនឹងអស់ ក្នុងរយៈពេលជាច្រើនខែ ប្រសិនបើគណបក្សសាធារណរដ្ឋ នៅក្នុងសភាបរាជ័យ ក្នុងការផ្តល់មូលនិធិ ជាថ្មីសម្រាប់ការប្រយុទ្ធ របស់ក្រុង គៀវ ប្រឆាំងនឹងរុស្ស៊ី ដែលបានធ្វើការឈ្លានពាន ។
សេតវិមានបានឲ្យដឹងថា លោក បៃដិន បានលើកឡើងជាមួយមេដឹកនាំអង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ប៉ូឡូញ រូម៉ានី ប្រធានសហភាពអឺរ៉ុប និងអង្គការ NATO និងរដ្ឋមន្ត្រីការបរទេសបារាំង ដើម្បី #សម្របសម្រួល# លើការជួយដល់អ៊ុយក្រែន ដែលរងគ្រោះដោយសារសង្រ្គាម ។
ក្រុងវ៉ាស៊ីនតោន បានកំពុងព្យាយាម ធ្វើឱ្យសម្ព័ន្ធមិត្តដែលបានរង្គោះរង្គើនឹងគ្នា បន្ទាប់ពីកិច្ចព្រមព្រៀងរយៈពេល១១ម៉ោងនៅក្នុងសភាសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល កាលពីថ្ងៃសៅរ៍ ដែលបានលុបចោល មូលនិធិថ្មីសម្រាប់ក្រុង គៀវ ស្របពេលមានការប្រឆាំងពីសមាជិក គណបក្សសាធារណរដ្ឋ ដែលមាននិន្នាការចចេសរឹងរូសនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា