ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងពិចារណាពង្រឹងសមត្ថភាព ឃ្លាំមើលដែនសមុទ្ររបស់ខ្លួន

Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រឹងសមត្ថភាពឃ្លាំមើលដែនសមុទ្ររបស់ខ្លួន ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ តាមរយៈការចែករំលែកទិន្នន័យដែលគ្រប់គ្រងដោយវិស័យសាធារណៈ និងឯកជន។

យោងតាមប្រភពបានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព “ការយល់ដឹងអំពីដែនសមុទ្រ” ដែលអាចប្រើប្រាស់ក្នុងការព្យាករណ៍គ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ធនធានផងដែរ គឺសំដៅមើលឃើញស្ថានភាពនៃសមុទ្រក្នុងលក្ខណៈរួមបញ្ចូលគ្នា។

គោលដៅនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែនសមុទ្រ ដែលពឹងផ្អែកខ្លាំងរបស់រដ្ឋាភិបាលដោយផ្អែកលើផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលជាគោលការណ៍ណែនាំរបស់ប្រទេសជប៉ុនក្នុងវិស័យនេះសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ក្នុងខែមេសា។

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំផែនការដើម្បីគាំទ្រយុទ្ធសាស្ត្រនេះនៅចុងឆ្នាំសារពើពន្ធរហូតដល់ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចដែលដឹកនាំដោយលោក គីស៊ីដា និងដៃគូសម្ព័ន្ធរបស់ខ្លួន Komeito ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាឆ្មាំឆ្នេរសមុទ្រចិន បានចូលដែនទឹកជប៉ុនម្តងហើយម្តងទៀត ជាពិសេសជុំវិញប្រជុំកោះសេនកាគូ ដែលជាក្រុមកូនកោះគ្មានមនុស្សរស់នៅនៅសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top