គៀវ៖ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ភាគរយនៃដំណាំពីការប្រមូលផលនៅឆ្នាំនេះ។
លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ប្រហែល ២៥ ភាគរយនៃគ្រាប់ធញ្ញជាតិ ដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង យើងត្រូវការនាំចេញដែលនៅសល់”។
លោក Shmyhal បានលើកឡើងថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប និងកំពង់ផែទន្លេ Danube ក៏ដូចជាតាមរយៈ “ច្រករបៀងគ្រាប់ធញ្ញជាតិ” ថ្មី ។
យោងតាមអាជ្ញាធរ កសិករអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រមូលផលគ្រាប់ធញ្ញជាតិ និងប្រេងបានជាង ៧៩ លានតោនក្នុងឆ្នាំ២០២៣ កើនឡើង ១០ ភាគរយធៀបនឹងឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា
