ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសឥណ្ឌា​ ត្រៀមបញ្ឈប់ការប្រើប្រាស់ យន្តហោះចម្បាំង សល់ពីសម័យសូវៀត

ប្រភព ៖ AFP

បរទេស ៖ មេបញ្ជាការកងទ័ពអាកាស ឥណ្ឌា លោក VR Chaudhari បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពអាកាសឥណ្ឌា នឹងបញ្ឈប់ការហោះហើរ យន្តហោះចម្បាំង MiG-21 ដែលសល់ពីសម័យសូវៀត របស់ខ្លួននៅឆ្នាំ២០២៥ ខាងមុខ នៅពេលដែលពួកវានឹងត្រូវជំនួស ដោយយន្តហោះចម្បាំង Tejas Mark 1A ដែលមានតួនាទីច្រើនជាងមុន។

យោងតាមការដកស្រង់ ព័ត៌មានដោយ RT បានឲ្យដឹងទៀតថាបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា កំពុងប្រតិបត្តិការកងអនុសេនាធំ តែមួយនៃយន្តហោះ Mikoyan-Gurevich MiG-21 ចំនួន៥៤គ្រឿង ដែលខ្លួនទទួលបានពីសហភាពសូវៀត កាលពីជាង៦០ឆ្នាំមុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង New Delhi លោក Chaudhari បាននិយាយថា កងទ័ពអាកាសបានបញ្ជាទិញយន្តហោះចម្បាំង HAL Tejas Mark 1A ចំនួន ៨៣ គ្រឿងជំនួស រួចមកហើយ។

លោកបានបន្តថាឥណ្ឌានឹង ដាក់ការបញ្ជាទិញមួយផ្សេងទៀត សម្រាប់យន្តហោះចម្បាំងចំនួន ៩៧ គ្រឿងនៃយន្តហោះចម្បាំង ដែលផលិតដោយឥណ្ឌាទាំងនេះ ដោយជំនួសកងអនុសេនាធំមួយ នៃ MiG-21ទាំង៤៥ ។

បើយោងតាមសារព័ត៌មាន ANIលោក Chaudhari បាននិយាយថា MiG-21 នឹងចូលរួមក្នុងការហោះហើរចុងក្រោយ នៅឯការតាំងពិព័រណ៍អាកាសនៅ Prayagraj នៅថ្ងៃអាទិត្យ សប្តាហ៍នេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី

To Top