ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្នកដឹកនាំលំដាប់លេខបី របស់សហរដ្ឋអាមេរិក ត្រូវទម្លាក់ពីមុខតំណែង នឹងនាំមកនូវភាពចលាចល កាន់តែច្រើន ដល់មជ្ឈដ្ឋាន នយោបាយអាមេរិក

ត្រឹមតែកាន់មុខតំណែង រយៈពេល៩ខែប៉ុណ្ណោះ លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្ត អាមេរិក ក៏ត្រូវបានទម្លាក់ ពីមុខតំណែងហើយ ។ កាលពីថ្ងៃទី៣ខែតុលាតាមម៉ោងក្នុងតំបន់ នៅសភា តំណាងរាស្រ្ត ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ សមាជិកសភាតំណាងរាស្រ្ត ទាំងឡាយបានទម្លាក់ លោក Kevin McCarthy ចេញពីមុខតំណែង ជាប្រធានសភាតំណាងរាស្រ្ត តាមលទ្ធផលបោះឆ្នោត សំឡេងគាំទ្រ២១៦សំឡេង និង២១០សំឡេងប្រឆាំង ។ ប្រការនេះនាំឱ្យប្រព័ន្ធសារព័ត៌មានអាមេរិកផ្សាយដំណឹង យ៉ាងភ្ញាក់ផ្អើលថា “មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក” “សភាតំណាងរាស្រ្ត ធ្លាក់ចូល ក្នុងសភាពច្របូកច្របល់” “នៅផ្ទៃក្នុងគណបក្សសាធារណរដ្ឋ បាត់បង់ម្ចាស់ការហើយ”។ល។ មជ្ឈដ្ឋាននានា របស់សហរដ្ឋអាមេរិក ព្រួយបារម្ភថា ទន្ទឹមនឹងការទម្លាក់ ពីមុខតំណែង របស់អ្នកដឹកនាំលំដាប់លេខបី របស់អាមេរិក ទំនាស់រវាងគណបក្សទាំងពីរ និងបក្សពួកនានារបស់អាមេរិក នឹងកាន់តែខ្លាំងឡើងៗ ដែលនាំមកនូវភាពច្របូកច្របល់ កាន់តែច្រើនដល់មជ្ឈដ្ឋាន នយោបាយអាមេរិក ក៏ដូចជាធ្វើឱ្យសង្គមអាមេរិកមានភាព បែកបាក់គ្នាថែមមួយកម្រិតទៀត ។

ក្នុងប្រវត្តិសាស្ត្រអាមេរិក ការដាក់សំណើឱ្យ ទម្លាក់ប្រធានសភាតំណាងរាស្រ្តគឺកម្រឃើញណាស់ ។ បន្ទាប់ពីលទ្ធផលបោះឆ្នោតបានប្រកាស មនុស្សជាច្រើនបានសម្តែង ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះគណបក្សសាធារណរដ្ឋមានអាសនៈចំនួន ២២១នៅសភាតំណាងរាស្រ្ត ដែលច្រើនជាង២១២អាសនៈ របស់គណបក្សប្រជាធិបតេយ្យ ។ ប៉ុន្តែដោយសារសមាជិកគណបក្ស សាធារណរដ្ឋស្តាំនិយមជ្រុលចំនួន៨នាក់បាន “ក្បត់” ដូច្នេះ សភាតំណាងរាស្រ្តបានទម្លាក់លោក Kevin McCarthy នៅចុងបញ្ចប់ ។

ចាប់តាំងពីខែកញ្ញាឆ្នាំនេះមក វិវាទរវាងគណបក្សទាំងពីរ របស់សហរដ្ឋអាមេរិកជុំវិញថវិកា ឆ្នាំសារពើពន្ធថ្មីបានកើនឡើង ជាបន្តបន្ទាប់ ។ ព្រឹទ្ធសភាដែលគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្តដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋបានលើកឡើងផែនការ ទម្លាក់ថវិកាជាបណ្តោះអាសន្ន មួយដោយឡែកពីគ្នា ប៉ុន្តែសុទ្ធតែមិនត្រូវបានអនុម័តទេ ។ ពួកអភិរក្សនៃគណបក្ស សាធារណរដ្ឋក៏បានអះអាងថា មិនទទួលយកផែនការ បន្ធូរបន្ថយគោលជំហរ ជាបណ្តោះអាសន្នណាមួយនោះឡើយ ។ នៅថ្ងៃទី៣០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងនាមជាប្រធានសភា តំណាងរាស្រ្ត លោក Kevin McCarthy បានសម្រេចចិត្តរួមសហការ ជាមួយសមាជិកបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការទម្លាក់ថវិកាបណ្តោះអាស្ន ហើយសេចក្តីព្រាងច្បាប់នេះគ្មានខ្លឹមសារដូចជា ការកាត់បន្ថយយ៉ាងខ្លាំង នូវការចំណាយរបស់សហព័ន្ធ និងការបង្កើនការគ្រប់គ្រងតំបន់ព្រំដែន ជាដើមដែលពួកអភិរក្ស នៃគណបក្សសាធារណរដ្ឋ បានគាំទ្រនោះ ។ នេះបានធ្វើឱ្យវិវាទរវាងលោក និងពួកអភិរក្ស នៃគណបក្សសាធារណរដ្ឋ មានភាពកាន់តែផុយស្រួយដោយផ្ទាល់ ។
យប់ថ្ងៃទី១២ខែតុលា តាមម៉ោងក្នុងតំបន់ លោក Matt Gaetz សមាជិកគណបក្សសាធារណរដ្ឋ ស្តាំនិយមជ្រុល បានលើកសំណើឱ្យដកហូតមុខតំណែង របស់ប្រធានសភាតំណាងរាស្រ្ត ដោយយកលេសថា “លោក Kevin McCarthy កំពុងបម្រើគណបក្សប្រជាធិបតេយ្យ” ។ យោងតាមច្បាប់កំណត់ នៃសភាតំណាងរាស្រ្ត សមាជិកសភាអាចទាមទារ ឱ្យប្រធានសភាតំណាងរាស្រ្ត រៀបចំការបោះឆ្នោត សម្រេចក្នុងរយៈពេលពីរថ្ងៃ ការងារ ការបោះឆ្នោតនេះ គ្រាន់តែត្រូវទទួលបានសន្លឹកឆ្នោត ភាគច្រើនក៏អាចទម្លាក់ប្រធានសភាតំណាងរាស្រ្តបានដែរ។ គឺដោយមកពីសមាជិកគណបក្ស សាធារណរដ្ឋស្តាំនិយមជ្រុលចំនួន ៨នាក់ ចូលក្នុងក្រុមគណបក្ស ប្រជាធិបតេយ្យ បានជា លោក Kevin McCarthy បានត្រូវទម្លាក់ពីមុខតំណែង ។
ដូច្នេះអាចឃើញថា នៅសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ប្រធានសភាតំណាងរាស្រ្ត ត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែង មើលទៅហាក់ដូចជារឿងចៃដន្យ ប៉ុន្តែវាគ្មានអ្វី គួរឱ្យភ្ញាក់ផ្អើលទាល់តែសោះ ។ ក៏ដូចអ្នកវិភាគជាច្រើនបានលើកឡើងថា ការបដិបក្ខយ៉ាងមុតស្រួច រវាងគណបក្សនិងវិវាទ នៅផ្ទៃក្នុងគណបក្សនយោបាយ ដែលមានភាពកាន់តែខ្លាំងឡើងៗ គឺជាមូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យលោក Kevin McCarthy ត្រូវគេទម្លាក់ចេញពីមុខតំណែង ។

ខណៈនយោបាយអាមេរិក បម្រើដល់ផលប្រយោជន៍របស់មនុស្សភាគតិច ខណៈពេលប្រជាធិបតេយ្យ បែបអាមេរិកក្លាយជា “ហ្គេមនៃអំណាច” នោះ តើ“ការបរិយាយពីប្រជាធិបតេយ្យ”ដែលប្រឌិតដោយអ្នកនយោបាយអាមេរិក នៅតែមានភាពអាចជឿទុកចិត្តបាននិងឥទ្ធិពលបញ្ចុះបញ្ចូល ទៀតដែរឬទេ?

To Top