បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្សី បានប្រកាសកាលពីថ្ងៃពុធ ពីការបន្តកាត់បន្ថយទិន្នផលប្រេងស្ម័គ្រចិត្តរបស់ពួកគេ និងកាត់បន្ថយការនាំចេញរហូតដល់ដំណាច់ឆ្នាំនេះ ដោយសារការរឹតបន្តឹងការផ្គត់ផ្គង់ និងការកើនឡើងតម្រូវការជំរុញឱ្យតម្លៃប្រេងកើនឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសទាំងពីរដែលជាមេដឹកនាំនៃ OPEC បូកនឹងក្រុមប្រទេសផលិតប្រេងសំខាន់ៗ បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដាច់ដោយឡែកប៉ុន្មានម៉ោងមុនពេលក្រុមត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីនៃក្រុមនេះនឹងត្រូវកោះប្រជុំតាមអ៊ីនធឺណិត។
រដ្ឋាភិបាលទីក្រុងរីយ៉ាដ បាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ។ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតសម្រាប់ខែវិច្ឆិកា និងខែធ្នូ នឹងមានចំនួនប្រហែល ៩ លានបារ៉ែលក្នុងមួយថ្ងៃ។
ក្រសួងបាននិយាយថា “ការសម្រេចចិត្តកាត់បន្ថយដោយស្ម័គ្រចិត្តនេះនឹងត្រូវបានពិនិត្យឡើងវិញនៅខែក្រោយដើម្បីពិចារណាឱ្យកាន់តែស៊ីជម្រៅនូវការកាត់ ឬបង្កើនផលិតកម្ម”។
ក្នុងពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Novak បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងបន្តទប់ស្កាត់ការនាំចេញប្រេងរបស់ខ្លួនចំនួន ៣០០.០០០បារ៉ែល ក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ ដោយផ្អែកលើការកាត់បន្ថយមុនៗដែលធ្វើឡើងជាមួយបណ្តាប្រទេស OPEC បូកនឹងប្រជាជាតិផ្សេងទៀត ។ លោកបានបន្ថែមថា រុស្ស៊ីនឹងពិនិត្យមើលការសម្រេចចិត្តនៅខែក្រោយបន្ទាប់ពីការវិភាគទីផ្សារ។
ប្រទេសរុស្ស៊ីបានសន្យារួចហើយថានឹងទប់ស្កាត់ការផលិតប្រេងឆៅចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ ឬជិត ៥ភាគរយ នៃទិន្នផលរបស់ខ្លួន ចាប់ពីខែមីនារហូតដល់ដំណាច់ឆ្នាំនេះ៕ ប្រែសម្រួលៈ ណៃ តុលា