ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ កំពុងពិចារណាបន្ថែមម៉ោងបើកនៅកន្លែងកំសាន្តនានារហូតដល់ម៉ោង៤ព្រឹក ដើម្បីជំរុញទេសចរណ៍

រូបភាពពី៖​ XINHUA

បរទេស៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងពិចារណាពន្យារពេលម៉ោងបិទនៅកន្លែងកម្សាន្ត រួមមាន បារ រង្គសាល និងខារ៉ាអូខេ ក្នុងគោលបំណងជំរុញទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានថ្លែងបែបនេះនៅក្នុងព្រឹត្តិការណ៍ “Thailand Economic Outlook 2024” ដែលរៀបចំដោយកាសែត Krungthep Turakij ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ៤ ខែតុលា។

ថ្លែងទៅកាន់វិធានការលើកកម្ពស់វិស័យទេសចរណ៍ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាមានគុណសម្បត្តិជាច្រើនក៏ដោយ ក៏ប្រទេសនេះនៅតែទាបជាងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក។

លោក សេដ្ឋា ថាវីស៊ីន បានថ្លែងថា៖ «លើសពីនេះទៅទៀត យើងនៅតែនិយាយបែបលេងសើចថា ច្បាប់ និងបទប្បញ្ញត្តិទាំងអស់ត្រូវបានអនុវត្ត»។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា មនុស្សទៅកន្លែង ផាប់ និងបារ នៅម៉ោងប្រហែល ១០ ដល់ម៉ោង ១១យប់ នៅពេលដែលទីកន្លែងផ្សេងទៀតជិតបិទ។ លោកបានបន្ថែមថា ជាលទ្ធផល កន្លែងខ្លះនៅតែបើកក្រោមប្រព័ន្ធ។

លោកបានថ្លែងថា៖ «ម្យ៉ាងវិញទៀត ការអនុញ្ញាតឱ្យកន្លែងកម្សាន្តបើក២៤ម៉ោងអាចបង្កបញ្ហាដល់សង្គម និងសន្តិសុខ។ ដូច្នេះហើយ យើងត្រូវគិតឡើងវិញថាតើម៉ោងបិទម៉ោង ១ ព្រឹកនាពេលបច្ចុប្បន្ននេះ គ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រទេសថៃមានការប្រកួតប្រជែងធៀបនឹងទីក្រុងផ្សេងទៀតដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ក្នុងតំបន់ដែរឬទេ?

បច្ចុប្បន្ននេះ ច្បាប់អនុញ្ញាតឱ្យកន្លែងកម្សាន្តក្នុងប្រទេសថៃបើករហូតដល់ម៉ោង១ព្រឹក ឬម៉ោង២ទៀបភ្លឺ អាស្រ័យលើតំបន់ទីក្រុង និងប្រភេទអាជីវកម្ម ។ ការពិភាក្សាបានដំណើរការតាំងពីរដ្ឋាភិបាលចុងក្រោយដើម្បីពង្រីកម៉ោងបិទដល់ម៉ោង ៤ ទៀបភ្លឺក្នុងទីក្រុងទេសចរណ៍ដែលបានជ្រើសរើសដើម្បីជំរុញទេសចរណ៍ ទោះបីជាភាគីជាច្រើនបានសម្តែងការព្រួយបារម្ភអំពីបញ្ហាទាក់ទងនឹងការផឹកស្រា ដូចជាគ្រោះថ្នាក់ចរាចរណ៍ និងឧក្រិដ្ឋកម្មក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top