ព័ត៌មានអន្តរជាតិ

ប៉ូលីសសាធារណរដ្ឋឆែក ចាប់ខ្លួនបុរសជនជាតិអ៊ុយក្រែន ដែលបានដាក់ផាវបំផ្ទុះ​ ក្នុងប្រដាប់ភេទប្រពន្ធខ្លួនឯង បណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ

រូបភាពពី៖​ krimi-plzen.cz

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស ឆែក បានឱ្យដឹងថា ជនភៀសខ្លួនអាយុ ៣៦ឆ្នាំម្នាក់មកពីតំបន់ Odessa ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានចាប់ខ្លួននៅសាធារណរដ្ឋឆែក បន្ទាប់ពីបានចោទប្រកាន់ថា បុរសរូបនេះបានបំផ្ទុះផាវ នៅក្នុងប្រដាប់ភេទប្រពន្ធរបស់គាត់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានឆេក Krimi-Plzen ដែលបានរាយការណ៍ថា ប៉ូលីសក្នុងតំបន់ Pilsen សាធារណរដ្ឋឆែក បានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌកាលពីថ្ងៃអង្គារប្រឆាំងនឹងបុរសដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជា Aleksandr S. ចំពោះ “ការបង្កគ្រោះថ្នាក់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ” គាត់ត្រូវបានគេចោទប្រកាន់ពីបទវាយប្រពន្ធ បន្ទាប់មកបានដាក់ផាវចូលទៅក្នុងតំបន់ស្និទ្ធស្នាល (ប្រដាប់ភេទ) របស់គាត់ ដែលផាវបានបំផ្ទុះ និងបណ្តាលឱ្យនាងរងរបួសធ្ងន់ធ្ងរ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅឯផ្ទះសំណាក់មួយនៅ Kozlany ភូមិមួយនៅភាគខាងលិចទីក្រុង Prague ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះទេ ប៉ុន្តែប៉ូលិសបាននិយាយថា នាងកើតនៅប្រទេស Moldova ក្នុងឆ្នាំ ១៩៨៨។

យោងតាមសារព័ត៌មាន Krimi-Plzen បានឱ្យដឹងថា ការផ្ទុះនេះបានបណ្តាលឱ្យរបួសខាងក្នុង “ធ្ងន់ធ្ងរណាស់” ហើយស្ត្រីរូបនោះចាប់ផ្តើមហូរឈាមយ៉ាងខ្លាំង។ បុរសនោះបានដឹកនាងទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Lochotin ក្នុងទីក្រុង Pilsen ជាកន្លែងដែលនាងបានទទួលការវះកាត់សង្គ្រោះជីវិត។

ស្រ្តីរងគ្រោះនៅតែស្ថិតក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ “ប្រាកដណាស់ថានឹងទទួលផលវិបាកពេញមួយជីវិត ប្រសិនបើអាចនៅរស់” ។ សារព័ត៌មានបានហៅការប្រព្រឹត្តនេះថាជា “ឧក្រិដ្ឋកម្មដ៏គួរឱ្យភ័យខ្លាច ដែលប្រឆាំងនឹងការយល់ដឹងរបស់មនុស្សគ្រប់រូប”៕ ប្រែសម្រួលៈ ណៃ តុលា

To Top