បរទេស៖ មន្ទីរបញ្ចកោណ បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃម្សិលមិញនេះថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធរបស់តួគី នៅភាគខាងជើងប្រទេសស៊ីរី។
យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូន Anka-S UAV ត្រូវបានគេនិយាយថា បានចូលទៅជិតតំបន់ក្នុងខេត្ត Hasakah ដែលកងកម្លាំងអាមេរិកកំពុងប្រតិបត្តិការ។
ប្រភពដដែលបានរាយការណ៍ទៀតថា យន្តហោះគ្មានមនុស្សបើកត្រូវបានចាត់ទុកថាជា ការគំរាមកំហែងដ៏មានសក្តានុពលនៅតំបន់នោះទើបធ្វើឲ្យអាមេរិកបានសម្រេចចិត្តបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 ។
ការអះអាងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Wall Street Journal ថាយន្តហោះគ្មានមនុស្សបើកតួគីដែលបានបំពាក់ដោយមីស៊ីលត្រូវបានបំផ្លាញ ខណៈដែលទាហានអាមេរិកកំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ៕ ប្រែសម្រួល៖ស៊ុនលី