តូក្យូ៖ ប្រទេសជប៉ុន និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន៨ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមអ៊ីនធឺណិត ដោយវិស័យឯកជនដោយឆ្នាំ២០២៣ គឺជាខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ ស្តីពីសហគមន៍សន្តិសុខតាមអ៊ីនធឺណិតអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន រួមទាំងអង្គការមិនមែនរដ្ឋាភិបាល ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការចោទប្រកាន់របស់ប្រទេសចិន នៅក្នុងសកម្មភាពលួចចូលផ្សេងៗ។
ប្រទេសអាស៊ាន ដែលពាក់ព័ន្ធរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ ហ្វីលីពីន និងវៀតណាម នេះបើយោងតាមមជ្ឈមណ្ឌលជាតិនៃការត្រៀមខ្លួន និងយុទ្ធសាស្ត្រ សម្រាប់សុវត្ថិភាពអ៊ីនធឺណិតរបស់ជប៉ុន ដែលរៀបចំព្រឹត្តិការណ៍នេះ ដោយប្លុកក្នុងតំបន់ក៏មានប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ។
សន្និសិទរយៈពេលពីរថ្ងៃនឹងដំណើរការរហូតដល់ថ្ងៃសុក្រ ហើយរួមបញ្ចូលការពិភាក្សាពីក្រុមអ្នកជំនាញ ក៏ដូចជាអាជីវកម្មសន្តិសុខអ៊ីនធឺណិតដែលណែនាំគំនិតផ្តួចផ្តើមរបស់ពួកគេ។ វាក៏នឹងផ្តល់ឱកាស សម្រាប់បណ្តាញ និងការផ្គូផ្គងអាជីវកម្ម សម្រាប់ការសហការផងដែរ។
នៅពេលដែលរដ្ឋាភិបាលជុំវិញពិភពលោកស្វែងរកការកែលម្អការការពារតាមអ៊ីនធឺណិតជាតិ និងកាត់បន្ថយភាពងាយរងគ្រោះនៃការលួចចូលក្នុងវិស័យសាធារណៈ និងឯកជនរបស់ពួកគេ ទីក្រុងតូក្យូ កំពុងស្វែងរកទំនាក់ទំនងកាន់តែរឹងមាំជាមួយដៃគូរបស់ខ្លួន ដើម្បីប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ដែលត្រូវបានចោទប្រកាន់ដោយទីក្រុងប៉េកាំង និងឥទ្ធិពលដែលកំពុងកើនឡើងរបស់វា៕ ប្រែសម្រួល ឈូក បូរ៉ា