បរទេស៖ អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Watchara Phetthong កាលពីថ្ងៃសុក្រ បានដាក់ញត្តិទៅក្រុមប្រឹក្សាសភា ទទួលបន្ទុកកិច្ចការប៉ូលីស ដើម្បីពិនិត្យមើលភាពចម្រូងចម្រាសជុំវិញអតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគារ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានចោទប្រកាន់ថា កំពុងទទួលការព្យាបាលពិសេសនៅក្នុងមន្ទីរពេទ្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដើម្បីពិភាក្សាអំពីការទាមទាររបស់លោកសម្រាប់ក្រុមប្រឹក្សាសភាដើម្បីស៊ើបអង្កេតការអះអាងអំពីលោកថាក់ស៊ីន, អ្នកប្រជាធិបតេយ្យជើងចាស់បានបង្ហាញរូបថតអតីតនាយករដ្ឋមន្ត្រីកំពុងលេងជាមួយចៅរបស់គាត់នៅក្នុងអាងទឹក។
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅនៅយប់ថ្ងៃទី ២២ ខែសីហា ប្រហែល ១៣ ម៉ោងបន្ទាប់ពីលោកត្រូវបានបញ្ជូនទៅពន្ធនាគារ ហើយលោកបានស្នាក់នៅទីនោះតាំងពីពេលនោះមក។ ប៉ូលីសភូមិន្ទថៃ និងនាយកដ្ឋានកែប្រែ បានបដិសេធមិនផ្តល់ការព្យាបាលដោយឯកសិទ្ធិដល់ទណ្ឌិតនោះទេ។
លោក Watchara បាននិយាយថា លោកបានស្នើឱ្យសភាសួរអំពីលក្ខណៈវិនិច្ឆ័យណាដែលលោក ថាក់ស៊ីន បានបំពេញក្នុងការទទួលបានការថែទាំសុខភាពនៅមន្ទីរពេទ្យ Police General និងកោះហៅអគ្គស្នងការនគរបាលជាតិ Torsak Sukvimol មកបំភ្លឺថា “នៅជាន់ណានៃមន្ទីរពេទ្យដែលអាងហែលទឹកស្ថិតនៅ”។
លោកបាននិយាយថា លោកក៏បានដាក់ញត្តិទៅគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការតុលាការ និងទីភ្នាក់ងារឯករាជ្យ ដើម្បីរកមើលថាតើក្រសួងហិរញ្ញវត្ថុបានប្តឹងទាមទារសំណងពីលោកថាក់ស៊ីន ពាក់ព័ន្ធនឹងករណីកម្ចីរបស់ធនាគារ Exim Bank ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា