ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត ចំពោះ​ចំណាត់ការ​ ឯកតោភាគី​របស់​ជប៉ុន ក្នុងការ​បញ្ចេញ​ទឹក​កខ្វក់​នុយក្លេអ៊ែរ

AFP

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើការ ចាប់ផ្តើមរបស់ប្រទេសជប៉ុន ជុំទីពីរនៃការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញ ទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន ៧,៨០០ តោនក្នុងរយៈពេល ១៧ថ្ងៃ។

ជាការឆ្លើយតប អ្នកនាំពាក្យចិនបានលើកឡើងថា ជំហររបស់ចិនលើការបណ្តេញចេញគឺស្រប និងច្បាស់លាស់។ យើង​ប្រឆាំង​ដាច់ខាត ចំពោះ​ចំណាត់ការ​ឯកតោភាគី​នេះ​របស់​ជប៉ុន​។

អ្នកនាំពាក្យបានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ម្តងទៀតថា មហាសមុទ្រជាកម្មសិទ្ធិ របស់មនុស្សជាតិទាំងអស់។ រដ្ឋាភិបាលជប៉ុន ត្រូវឆ្លើយតបរាល់កង្វល់របស់សហគមន៍អន្តរជាតិ មានការប្រាស្រ័យទាក់ទងយ៉ាង ពេញទំហឹងដោយស្មោះស្ម័គ្រជាមួយប្រទេសជិតខាង និងបោះចោលទឹកដែលមានជាតិនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហគមន៍អន្តរជាតិចាំបាច់ ត្រូវជំរុញឱ្យមានការរៀបចំការត្រួតពិនិត្យអន្តរជាតិ ដែលនឹងមានប្រសិទ្ធភាពក្នុងរយៈពេលយូរ និងធានាថា ប្រទេសជិតខាងរបស់ប្រទេសជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតអាច ចូលរួមយ៉ាងសំខាន់ក្នុងការរៀបចំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top