ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រគល់ម៉ាស៊ីនបំលែងអគ្គិសនី ទៅឲ្យអ៊ុយក្រែន មុនរដូវរងា ក្រោយហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ត្រូវបានបំផ្លាញក្នុងសង្គ្រាម

Kyodo

តូក្យូ៖ ឧបករណ៍បំលែងអគ្គិសនី ថាមពលខ្ពស់ចំនួនពីរត្រូវបានប្រគល់ ជាផ្លូវការទៅប្រទេសអ៊ុយក្រែន មុនរដូវរងា ដែលជាជំនួយចុងក្រោយបំផុត ដែលផ្តល់ដោយប្រទេសជប៉ុន ដល់ប្រទេសដែលហែកហួរដោយសង្រ្គាម ដែលបានឃើញហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។

ពិធីសម្គាល់ការប្រគល់ម៉ាស៊ីន បំលែងស្វ័យប្រវត្តិតាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងនៅរោងចក្រថាមពលមួយ នៅកណ្តាលអ៊ុយក្រែន ដោយប្រទេសជប៉ុន បានប្តេជ្ញាថា នឹងជួយស្តារការផ្គត់ផ្គង់អគ្គិសនី របស់ប្រទេសអឺរ៉ុបខាងកើតឡើងវិញ ដើម្បីរក្សាកំដៅប្រជាជន។

ប្រភពពី UNDP បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសពីការចែកចាយថា ឧបករណ៍បំលែងចរន្តអគ្គិសនី ដែលមានថាមពលខ្ពស់ គឺជាធាតុផ្សំដ៏សំខាន់នៃអនុស្ថានីយអគ្គិសនី ដែលអនុញ្ញាតឱ្យបណ្តាញអគ្គិសនីដំណើរការ ប្រកបដោយប្រសិទ្ធភាព និងផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារ និងអ្នកប្រើប្រាស់ដទៃទៀត។

នៅក្នុងពិធីនេះ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បានស្វាគមន៍ចំពោះការគាំទ្រនេះ ដោយលើកឡើងថា ម៉ាស៊ីនបំលែងដោយស្វ័យប្រវត្ដិនេះ ស្ថិតក្នុងចំណោមគោលដៅសំខាន់ៗ ក្នុងអំឡុងពេលការវាយប្រហាររុស្ស៊ី ដ៏ធំកាលពីរដូវរងាឆ្នាំមុន ហើយការជំនួសឧបករណ៍បែបនេះត្រូវការពេលវេលា និងថវិកា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top