ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា លោក Arindam Bagchi បានឲ្យដឹងថា ប្រទេសឥណ្ឌា កំពុងស្វែងរកការកាត់បន្ថយវត្តមានមន្ត្រីការទូតកាណាដា នៅក្នុងប្រទេសនេះ ដោយសារតែការជ្រៀតជ្រែក របស់ពួកគេនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឥណ្ឌា។
លោក Bagchi បានឲ្យដឹងថា ទីក្រុងញូវដែលីកំពុងពិភាក្សាបញ្ហានេះជាមួយអាជ្ញាធរកាណាដា ដើម្បីសម្រេចបាននូវសមភាពក្នុងវត្តមានការទូតរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ខណៈដែលវត្តមានការទូតរបស់កាណាដា មានកម្រិតខ្ពស់ជាងវត្តមានមន្ត្រីការទូតឥណ្ឌានៅទីក្រុងអូតាវ៉ា។
លោកបានលើកឡើងថា “នៅលើការពិភាក្សាអំពីសមភាព ដោយឃើញវត្តមានអ្នកការទូតខ្ពស់ជាងច្រើន ឬវត្តមានការទូតនៅទីនេះ និងការជ្រៀតជ្រែកបន្តរបស់ពួកគេនៅក្នុងបញ្ហាផ្ទៃក្នុងរបស់យើង យើងបានស្វែងរកភាពស្មើគ្នានៅក្នុងវត្តមានការទូតរៀងៗខ្លួន”។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កាណាដាបច្ចុប្បន្នមានអ្នកការទូតចំនួន ៦២នាក់នៅក្នុងទីក្រុងញូវដេលី ហើយឥណ្ឌាបានស្នើសុំឱ្យកាណាដាកាត់បន្ថយកម្លាំងការទូតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាចំនួន ៤១នាក់។
ប្រទេសទាំងពីរត្រូវបានជាប់គាំងក្នុងជម្លោះការទូតបន្ទាប់ពីការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថារដ្ឋាភិបាលឥណ្ឌា អាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំ Sikh កាណាដា Hardeep Singh Nijjar កាលពីខែមិថុនា៕ ប្រែសម្រួល ឈូក បូរ៉ា