បឺលីន៖ ទឹកប្រាក់សរុបចំនួន ៩,៣ពាន់លានដុល្លារអាមេរិក ត្រូវបានសន្យាទៅកាន់មូលនិធិអាកាសធាតុបៃតង ក្នុងរយៈពេល ៤ឆ្នាំខាងមុខនៅក្នុងសន្និសីទហិរញ្ញវត្ថុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា “ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពិភពលោកកំពុងឈរជាមួយគ្នា” ។
លោកស្រីបានបន្ថែមថា “ការសន្យាជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃនេះ… នេះនឹងអនុញ្ញាតឱ្យមូលនិធិអាកាសធាតុបៃតងបន្ត និងជំរុញបន្ថែមទៀតនូវការងារសំខាន់ៗរបស់ខ្លួននៅក្នុងប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍”។
មូលនិធិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្យាផ្តល់មូលនិធិដែលទទួលបាននឹងអនុញ្ញាតឱ្យមូលនិធិអាកាសធាតុបៃតងអាចបញ្ជូន “ធនធានហិរញ្ញវត្ថុថ្មី បន្ថែម និងអាចព្យាករណ៍បាន” ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
ដោយកត់សម្គាល់ថា “ពេលវេលាមិនស្ថិតនៅខាងយើងទេ” លោក Selwin Hart ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា “ការសន្យាដែលបានធ្វើឡើងត្រូវតែមានការសន្យា។ នេះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងទំនុកចិត្តឡើងវិញ ដែលត្រូវការដើម្បីប្រឈមមុខនឹងវិបត្តិអាកាសធាតុ”៕ ប្រែសម្រួល ឈូក បូរ៉ា