ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងបំពេញទស្សនកិច្ច និងលើកកម្ពស់ទំនាក់ទំនង ជាមួយរដ្ឋទាំង៤ ក្នុងតំបន់អាស៊ាន

រូបភាពពី៖​ KYODO

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹង លោកស្រី នឹងចេញដំណើរពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃទៅកាន់ប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ដើម្បីលើកកម្ពស់សន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមាជិកអាស៊ាន ចំពេលមានឥទ្ធិពលក្នុងតំបន់ ដែលកំពុងកើនឡើងរបស់ប្រទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Kamikawa បានឲ្យដឹងថា លោកស្រី មានបំណងបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការជាមួយសមភាគីអាស៊ាន ឆ្ពោះទៅរក “ការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ” ក្នុងអំឡុងពេលធ្វើដំណើរដែលបានគ្រោងទុកនេះ។

លោកស្រី Kamikawa បានលើកឡើងថា ពួកគេនឹងបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបានជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសដែលគ្រោងធ្វើនៅខែធ្នូ នៅទីក្រុងតូក្យូ ដែលនឹងប្រារព្ធខួបលើកទី៥០ នៃមិត្តភាពរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ នៅឆ្នាំនេះ។

សម្រាប់លោកស្រី Kamikawa ដែលបានចូលកាន់តំណែងពីលោក Yoshimasa Hayashi ក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែកញ្ញានោះ វានឹងក្លាយជាដំណើរទៅក្រៅប្រទេសលើកទី២ របស់លោកស្រីក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក កាលពីខែមុន ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

នៅដើមខែកញ្ញា ប្រទេសជប៉ុន និងអាស៊ាន បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានផលប្រយោជន៍រួម ដូចជាសន្តិសុខដែនសមុទ្រ នៅពេលដែលនាយករដ្ឋមន្រ្តីលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំក្នុងតំបន់បានប្រមូលផ្តុំគ្នានៅទីក្រុងហ្សាកាតា៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top