ព័ត៌មានអន្តរជាតិ

ឪពុកម្តាយ យុវជនអាយុ១៤ឆ្នាំ ដែលបង្កការបាញ់ប្រហារនៅថៃ ចេញមុខសុំទោសជាសាធារណៈ

រូបភាពពី៖​ BANGKOK

បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឪពុកម្តាយរបស់យុវជនអាយុ១៤ឆ្នាំដែលជាជនឧក្រិដ្ឋក្នុងការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុននោះបានចេញមកធ្វើការថ្លែងសុំទោសជាសាធារណៈហើយកាលពីថ្ងៃសុក្រម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ពួកគេបាននិយាយថា៖យើងខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ ក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នករងរបួសពីឧប្បត្តិហេតុបាញ់ប្រហារនាពេលថ្មីៗនេះ ដែលបានកើតឡើងជាលទ្ធផលនៃសកម្មភាពរបស់កូនប្រុសយើងនៅផ្សារទំនើប Siam Paragon ។

រំលឹកថាជនសង្ស័យ​បាន​បើក​ការ​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប​ក្រុង​បាងកក​ដ៏​ល្បី​មួយ​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ និង​៥​នាក់​ផ្សេង​ទៀត​រង​របួស។ ស្ថានទូតចិនប្រចាំប្រទេសថៃបានបញ្ជាក់ថា ជនជាតិចិនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។

ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ និង​ប្រឈម​មុខ​នឹង​បទ​ចោទ​ជា​ច្រើន​រួម​ទាំង​អំពើ​មនុស្ស​ឃាត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Thawee Sodsong បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងអនីតិជន បន្ទាប់ពីតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ។

សេចក្តីថ្លែងការណ៍របស់ឪពុកម្តាយយុវជនរូបនេះបាននិយាយទៀតថា៖ខ្ញុំ និងក្រុមគ្រួសារមិនបានដាក់ពាក្យសុំនៅក្រៅឃុំទេ ដោយសារយើងមានបំណងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរក្នុងការស្វែងរកការពិត និងធានាថានឹងមិនមានករណីហិង្សាដដែលៗកើតឡើងម្តងទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top