ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថាអ៊ីស្រាអែល កំពុងស្ថិតនៅក្នុងសង្គ្រាម ក្រោយការវាយប្រហារ ដោយក្រុមហាម៉ាស

រូបភាព៖ Afp

បរទេស៖ ក្រោយការវាយប្រហារ ទាំងគួរឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃសៅរ៍ ដោយក្រុមហាម៉ាស លើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថាប្រទេសរបស់ខ្លួន កំពុងស្ថិតនៅក្នុងសង្គ្រាមហើយ។

យោងតាមការចេញផ្សាយរបស់ RT លោក Netanyahu បានពោលថា៖ ពលរដ្ឋនៃអ៊ីស្រាអែល ទាំងអស់ នៅពេលនេះយើងកំពុងស្ថិតនៅក្នុងសង្គ្រាម ហើយប៉ុន្តែយើងនឹងយកជ័យជំនះ នោះឲ្យបានហើយសត្រូវ របស់យើងនឹងទទួលរងនូវការតបសងវិញ យ៉ាងខ្លាំងក្លា មិនធ្លាប់មានពីមុនមក។

ការអត្ថាធិប្បាយរបស់លោក Netanyahu ត្រូវបានបន្ទរដោយអ្នកនាំពាក្យ កងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari ដែលបាននិយាយថា អ៊ីស្រាអែលស្ថិតក្នុងសង្រ្គាម បន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីព្រឹកថ្ងៃសៅរ៍។

លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​វីដេអូ​ថា​៖ យើងកំពុងស្ថិតក្នុងស្ថានភាព នៃសង្គ្រាមហើយគ្រាប់រ៉ូកែត ជាង២០០០ ត្រូវបានបាញ់ ខណៈដែលក្រុមហាម៉ាស ដែលអ៊ីស្រាអ៊ែល ចាត់ទុកថាជាក្រុមភេរវកម្ម នោះខ្លះទៀតបន្តស្ថិត ក្នុងប្រទេសអ៊ីស្រាអែល នៅឡើយ។

ភាគីអ៊ីស្រាអែល យ៉ាងហោចណាស់ ២២ នាក់ត្រូវបានបាត់បង់ជីវិត ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក៕

ប្រែសម្រួល៖ស៊ុនលី

To Top