បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើង ក្រោយហេតុការណ៍ វាយប្រហារ ដោយក្រុមហាម៉ាស នៅអ៊ីស្រាអែល ថាគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយដែលត្រូវស្តីបន្ទោស ចំពោះការផ្ទុះហឹង្សា ចុងក្រោយបំផុត រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនោះ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ជូនជំនួយរបស់ខ្លួន ក្នុងការធានាសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា ប៉ុន្តែបានជ្រើសរើសផ្តោតលើ អ៊ុយក្រែន ជំនួសវិញ។
ដោយអត្ថាធិប្បាយ ទៅលើព្រឹត្តិការណ៍ដែលបានកើតឡើង កាលពីថ្ងៃសៅរ៍រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ Gaza Strip នោះលោក Medvedev បានសរសេរនៅលើបណ្តាញ Telegram របស់គាត់ថាព្រឹត្តិការណ៍ទាំងនេះ អាចព្យាករណ៍ទុកជាមុនបាន។
លោកបានពន្យល់ថា៖នេះគឺជាអ្វីដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តគួរតែដោះស្រាយ ដោយបន្ថែមថាជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសហរដ្ឋអាមេរិកគឺជា អ្នកដើរតួយ៉ាងសំខាន់នៅទីនោះ ។
គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃសៅរ៍ ម្សិលមិញនេះក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ដោយបានបាញ់មីស៊ីលរាប់ពាន់គ្រាប់ ហើយបន្ទាប់មកបានទម្លុះរបងព្រំដែន និងវាយលុកទីក្រុងអ៊ីស្រាអែលជាច្រើនដែលជាប់ព្រំដែនតំបន់ហ្គាហ្សាថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី