រីយ៉ូឌឺចាណេរ៉ូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ការបាញ់ប្រហារ២ដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋរីយ៉ូឌឺចាណេរ៉ូ និងរដ្ឋ Bahia កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្ស៩នាក់បានបាត់បង់ជីវិត ។
នៅទីក្រុង រីយ៉ូឌឺចាណេរ៉ូ វេជ្ជបណ្ឌិតបីនាក់ត្រូវបានបាញ់សម្លាប់នៅលើឆ្នេរទេសចរណ៍ Barra da Tijuca កាលព្រឹកថ្ងៃព្រហស្បតិ៍ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងចំនួន៣នាក់បានចុះពីលើរថយន្ត ហើយបាញ់មកលើជនរងគ្រោះបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់ និងម្នាក់ទៀតរងរបួស ។
របាយការណ៍បានឲ្យដឹងថា អ្នកវាយប្រហារប្រហែលជាបានច្រឡំទៅលើគ្រូពេទ្យម្នាក់ជាប់ពាក់ព័ន្ធនឹងសមាជិកនៃកងជីវពលនៅក្នុងតំបន់ ។
ទន្ទឹមនឹងនេះដែរ មនុស្សចំនួន៦នាក់មកពីគ្រួសារតែមួយ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ និងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងក្រុង Jequie ស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Bahia ដោយអ្នកបាញ់ប្រហារដែលបានលុកលុយចូលផ្ទះរបស់ពួកគេ ។
កាលពីឆ្នាំមុន Jequie គឺជាទីក្រុងដែលមានអំពើហឹង្សាបំផុតនៅក្នុងប្រទេសប្រេស៊ីល នៅក្នុងចំណោមទីក្រុងដែលមានអ្នកស្រុករស់នៅច្រើនជាង១០០.០០០នាក់ ដោយមានអ្នកស្លាប់ដោយសារហិង្សាចំនួន ៨៨,៨នាក់ក្នុងចំណោម១០០.០០០ នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា