បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយនឹងសមភាគីតួគីលោក Hakan Fidan ទៅលើប្រធានបទអំពីបញ្ហាជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានលើកឡើងពីភាពចាំបាច់សម្រាប់ការគោរពសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ខណៈពេលដែលវាយតម្លៃការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងរដ្ឋអារ៉ាប់ដែលទោះបីជាយ៉ាងណាក្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានពណ៌នាចំណាត់ការរបស់ក្រុមហាម៉ាសថាជាលទ្ធផលដែលអ៊ីស្រាអ៊ែលទទួលបានពីសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈរកន្លងមកប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួង Nasser Kanaani បាននិយាយថា ប្រតិបត្តិការយោធាគឺជាចលនាដោយឯកតោភាគីរបស់រដ្ឋប៉ាឡេស្ទីនក្នុងការការពារសិទ្ធិដែលមិនអាចប្រកែកបាន របស់ពួកគេ ក៏ដូចជាប្រតិកម្មធម្មជាតិរបស់ពួកគេចំពោះគោលនយោបាយក្តៅគគុក និងការបង្កហេតុរបស់អ៊ីស្រាអែល។
គួរឲ្យដឹងដែរថានៅតាមទីក្រុងធំៗរបស់អ៊ីរ៉ង់ ដូចជាទីក្រុង Tehran និង Mashhad ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវកាលពីយប់ថ្ងៃសៅរ៍ ដើម្បីបង្ហាញពីសាមគ្គីភាពនិងការគាំទ្រជាមួយប្រជាជនប៉ាឡេស្ទីន៕ ប្រែសម្រួល៖ស៊ុនលី