ព័ត៌មានអន្តរជាតិ

សំណងជាប្រាក់ សម្រាប់គ្រួសារ អ្នកស្លាប់២នាក់ និងរបួស ៥នាក់ ក្នុងហេតុការណ៍ បាញ់ប្រហារនៅបាងកក ត្រូវបានប្រកាស

The nation

បរទេស ៖ សំណងហិរញ្ញវត្ថុ ត្រូវបានបញ្ចប់សម្រាប់ជនរងគ្រោះ ដែលរងរបួស និងក្រុមគ្រួសារ នៃអ្នកស្លាប់នៅក្នុងការបាញ់ប្រហារ កាលពីថ្ងៃអង្គារនៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក វាត្រូវបាន ប្រកាសកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សំណងចំនួន ៦,២ លានបាត នឹងត្រូវបង់ទៅឱ្យក្រុមគ្រួសារ នៃអ្នកស្លាប់ទាំងពីរនាក់ ហើយ ៣៥០.០០០ បាតនឹងត្រូវបង់ទៅឱ្យជនរងគ្រោះម្នាក់ៗក្នុងចំណោមជនរងគ្រោះទាំង ៥ នាក់។

ការប្រកាសនេះធ្វើឡើង ដោយក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ និងកីឡា, ប៉ូលិសភូមិន្ទថៃ, អាជ្ញាធរទេសចរណ៍ថៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

កាលពីរសៀលថ្ងៃអង្គារ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ប្រដាប់ដោយកាំភ្លើងដែលបានកែច្នៃ បានបាញ់ទៅលើមនុស្សនៅក្នុងផ្សារទំនើប Siam Paragon ដែលជាកន្លែងលក់ទំនិញដ៏ពេញនិយម បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស។

អ្នកទេសចរចិនម្នាក់ និងកម្មករមីយ៉ាន់ម៉ាម្នាក់បានស្លាប់ ចំណែកអ្នកទេសចរចិនម្នាក់ ជនជាតិឡាវម្នាក់ និងជនជាតិថៃ៣នាក់បានរងរបួស។

នៅក្នុងករណីរបស់អ្នកស្លាប់ រដ្ឋាភិបាលនឹងបង់ប្រាក់ចំនួន ១,២ លានបាតជាសំណងដល់គ្រួសារទាំងពីរ ហើយ ៥ លានបាត នឹងមកពីខាងផ្សារទំនើប Siam Paragon សរុបចំនួន ៦,២ លានដល់គ្រួសារទាំងពីរ។

អ្នករងរបួសម្នាក់ៗនឹងទទួលបានសំណងចំនួន ៥០.០០០ បាតពីរដ្ឋាភិបាល និង ៣០០.០០០ បាតពី Siam Paragon – សរុបចំនួន ៣៥០.០០០ បាត៕
ប្រែសម្រួលៈ ណៃ តុលា

To Top