កូឡាកាតា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ចំនួន៥៦ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបានកើតឡើងនៅភាគឦសានរបស់ប្រទេសឥណ្ឌាគិតត្រឹមថ្ងៃសៅរ៍ ដោយកងទ័ពបានព្រមានថា ព្យុះភ្លៀងបានបោកបក់បង្កជាគ្រោះទឹកជំនន់ ហើយបានបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ ។
ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារមកលើរដ្ឋ Sikkim កាលពីថ្ងៃពុធ បន្ទាប់ពីការផ្ទុះភ្លាមៗនៃបឹងទឹកកកដែលមានកម្ពស់ខ្ពស់នោះ ។
ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុព្រមានថា គ្រោះមហន្តរាយស្រដៀងគ្នានេះដែរ នឹងក្លាយជាគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅទូទាំងភ្នំហិម៉ាល័យ នៅគ្រាដែលសីតុណ្ហភាពរបស់ពិភពលោកកើនឡើង និងទឹកកករលាយ ។
ស្នងការទទួលបន្ទុកកិច្ចការសង្គ្រោះប្រចាំរដ្ឋ លោក Anilraj Rai បានប្រាប់ដល់ទីទីភ្នាក់ងារ AFP តាមទូរស័ព្ទយ៉ាងដូច្នេះថា”រហូតមកដល់ពេលនេះសាកសពចំនួន២៦នាក់ត្រូវបានរកឃើញនៅក្រុង Sikkim” ។
លោក K Umesh Ganpat អធិការនគរបាលស្រុក Jalpaiguri បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា សាកសពចំនួន៣០នាក់ទៀតត្រូវបានរកឃើញពីអាងទន្លេ Teesta ដោយក្រុមស្វែងរក និងជួយសង្គ្រោះនៅខាងក្រោមទឹកក្នុងរដ្ឋ West Bengal ដែលនៅជាប់នឹងរដ្ឋនេះ ។
លោកបានឲ្យដឹងទៀតថា “ទន្លេនេះលាតសន្ធឹងដល់ទៅ៨៦គីឡូម៉ែត្រ ហើយ “ប្រតិបត្តិការស្វែងរកកំពុងបន្ត” ។
នៅក្នុងចំណោមអ្នកស្លាប់មានទាហានឥណ្ឌា ចំនួន៧នាក់ដែលត្រូវបានបង្ហោះឲ្យដឹងនៅក្នុងក្រុង Sikkim ដែលស្ថិតនៅលើព្រំដែនដាច់ស្រយាលរបស់ប្រទេសឥណ្ឌា ជាមួយនឹងប្រទេសនេប៉ាល់ និងប្រទេសចិន ហើយមានវត្តមានយោធាដ៏ច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា