ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ជូនក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ ដើម្បីទៅគាំទ្រដល់ប្រទេសអ៊ីស្រាអែល ខណៈអ្នកស្លាប់ភាគីទាំងសងខាង កើនដល់ជាង ១.១០០នាក់

រូបភាពពី៖​ X/Warship_78

បរទេស៖ មន្ទីរបញ្ចកោណកំពុងបញ្ជូនក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដើម្បីជាសញ្ញាសម្រាប់ការគាំទ្រដល់ប្រទេសអ៊ីស្រាអែល អំឡុងពេលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយបើយោងតាមមន្ត្រីពីភាគីទាំងសងខាង ពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ និងប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤១៣នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាកាលព្រឹកថ្ងៃសៅរ៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានដឹកនាវាចម្បាំង រួមមាននាវាពិឃាតផ្ទុកមីស៊ីលចំនួន៥គ្រឿងផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន ក៏នឹងផ្តល់គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដល់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ថែមទៀត។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការពង្រឹងជំហរកងកម្លាំងរួមរបស់យើង បន្ថែមពីលើជំនួយសម្ភារៈដែលយើងនឹងផ្តល់ឱ្យអ៊ីស្រាអែលយ៉ាងឆាប់រហ័ស បញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កងកម្លាំងការពារអ៊ីស្រាអែល និងប្រជាជនអ៊ីស្រាអែល” ។

មុននេះប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាថា នឹងផ្តល់ “មធ្យោបាយគាំទ្រសមស្របទាំងអស់” ដល់អ៊ីស្រាអែល ដែលបានកើតឡើងក្រោមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតកាលពីព្រឹកថ្ងៃសៅរ៍។

ទោះបីជា កងកម្លាំងការពារអ៊ីស្រាអែល បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្ររបស់ខ្លួនក៏ដោយ ក៏លោក Marwan Bishar អ្នកវិភាគនយោបាយកំពូលរបស់ Al Jazeera បានអះអាងថា ការបញ្ជូននាវាផ្ទុកយន្តហោះ ក្រុមនាវាពិឃាតរបស់អាមេរិកចូលសមុទ្រម៉េឌីទ័ររ៉ាណេ នឹងនាំឱ្យមាន “ការកើនឡើងភាពតានតឹងកាន់តែខ្លាំង” ។

លោក Bishar បាននិយាយកាលពីថ្ងៃអាទិត្យថា “គំនិតនៃការកសាងអាវុធនេះនៅមជ្ឈិមបូព៌ានៅចំណុចនេះវាមានគ្រោះថ្នាក់” ។

សូមជម្រាបថា ក្រុមសកម្មប្រយុទ្ធបានចាប់ផ្តើមការវាយប្រហាររបស់ពួកគេលើរដ្ឋជ្វីហ្វដោយជ្រៀតចូលអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស។ គ្រាប់មីស៊ីលប្រហែល ២.៥០០គ្រាប់ ត្រូវបានបាញ់ ហើយទាហាន និងជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់ត្រូវបានសម្លាប់ ឬចាប់ជំរិត៕ ប្រែសម្រួលៈ ណៃតុលា

To Top