បរទេស៖ ក្រុមអ្នកជួញដូរប្រេងឆៅបានប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា ការវិវត្តចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលអូសបន្លាយជាច្រើនទសវត្សរ៍នេះ មិនត្រូវបានព្យាករណ៍ថានឹងបង្កហានិភ័យភ្លាមៗសម្រាប់ទីផ្សារប្រេងពិភពលោកនោះទេ។
កាលពីថ្ងៃសៅរ៍ ក្រុមប្រដាប់អាវុធនៅរដ្ឋប៉ាឡេស្ទីនដែលហៅឈ្មោះថា Hamas បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានពង្រាយក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ដើម្បីជ្រៀតចូលទៅក្នុងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅជិតព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា។
យោងតាមការត្រួតពិនិត្យចុងក្រោយ ជនជាតិអ៊ីស្រាអែលប្រមាណជាង៦០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស។
គួរឲ្យដឹងដែរថាជាការឆ្លើយតបកងកម្លាំងយោធា អ៊ីស្រាអែលបានបំផ្លាញ ទីតាំងជាង ៤០០កន្លែងនៅហ្គាហ្សា។ ជនជាតិប៉ាឡេស្ទីនជាង ៣០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិលហើយប្រមាណជា ជិត ២០០០នាក់បានរងរបួស។
ទោះបីជាយ់ាងណាក្តីលោក Bob McNally ប្រធានក្រុមហ៊ុន Rapidan Energy Group និងជាអតីតមន្ត្រីសេតវិមានបានប្រាប់ទីភ្នាក់ងារនេះថា៖សេណារីយ៉ូនៃការរំខានប្រេងនឹងកើតឡើងប្រសិនបើជម្លោះរីករាលដាលដល់ប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ស៊ុនលី